ឯកឧត្តម អ៊ុក រ៉ាប៊ុន អញ្ជេីញសំណេះសំណាលជាមួយប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង

ភ្នំពេញ៖ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្ដាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ និងបន្តយកចិត្តទុកដាក់ជាមួយគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។ ចំពោះបងប្អូនពលករ នៅខេត្តកំពង់ឆ្នាំងកំពុងមានតម្រូវការកម្លាំងពលកម្មជិត ៥ពាន់កន្លែងទៀត ដែលអាជ្ញាធរ និងមន្ទីរការងារ កំពុងបន្តសម្របសម្រួលជូនបងប្អូនពលករបានចូលធ្វើការងារ។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់បងប្អូនពលករ និងគ្រួសារកងទ័ពជួរមុខផងដែរ។

