កម្ពុជា-វៀតណាម ជំរុញការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន តាមរយៈទេសចរណ៍ និងការពិនិត្យ-ព្យាបាលសុខភាព

ភ្នំពេញ៖ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម បានជំរុញការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន តាមរយៈទេសចរណ៍ និងការពិនិត្យ-ព្យាបាលសុខភាព។
ឯកឧត្ដម ជា ធីរិទ្ធ បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានក្រោយការបញ្ចប់ទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ និងទិវាបុណ្យឯករាជ្យជាតិវៀតណាម របស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្ដម ជា ធីរិទ្ធ បានថ្លែងឱ្យដឹងថា ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្ដីវៀតណាម ភាគីទាំងពីរបានជជែកគ្នាលើការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈពាណិជ្ជកម្ម សេដ្ឋកិច្ច ក្នុងពាណិជ្ជកម្ម, សេដ្ឋកិច្ច,ការវិនិយោគ។ ដោយនាយករដ្ឋមន្រ្ដីវៀតណាម បានកត់សំគាល់ និងបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ធ្វើយ៉ាងណាភាគីទាំងពីរនឹងជំរុញបន្ថែមទៀត ដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចគោលដៅផែនការពាណិជ្ជកម្ម ដែលភាគីទាំងចង់បាន ២០ពាន់លានដុល្លារ ក្នុងនោះភាគីទាំងពីរបានសម្រេចរួចហើយនូវគោលដៅ ១០ពាន់លានដុល្លារ។
បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានជជែកទាក់ទិននឹងវិស័យទេសចរណ៍ ជាមួយនាយករដ្ឋមន្រ្ដីវៀតណាម។ ក្នុង នោះនាយករដ្ឋមន្រ្ដីវៀតណាម បានលើកឡើងថា ទេសចរណ៍របស់វៀតណាម បានធ្វើដំណើរមកកាន់កម្ពុជាច្រើន។ សម្ដេចតេជោ ហ៊ុន សែន ក៏បានទទួលស្គាល់ផងដែរថា ក្នុងពេលនេះទេសចរណ៍របស់វៀតណាម បានឈរលំដាប់ថ្នាក់លេខ១ ក្នុងការធ្វើដំណើរកំសាន្ដមកកាន់កម្ពុជា៕

