ដំណើរការប្រឡងបាក់ឌុប ព្រឹកថ្ងៃទី១ បានបញ្ចប់ដោយរលូន

ភ្នំពេញ៖ ដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ព្រឹកថ្ងៃទី១ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានបញ្ចប់ដោយរលូន ខណៈការប្រឡងពេលរសៀលនឹងចាប់ផ្តើមម៉ោង ២៖០០នាទីរសៀល។
សម្រាប់ការប្រឡងថ្ងៃព្រឹកដំបូងត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ជីវវិទ្យា។
ដោយឡែកសម្រាប់ពេលរសៀលវិញ៖ ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ភូមិវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស និងថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី១មុខវិជ្ជា៖ គីមីវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។
ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕

