លោក ស៊ី ជីនពីង នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំរុស្ស៊ីលោក ពូទីន ប្រមុខUN និងប្រមុខរដ្ឋាភិបាលជាង២០ នៅចុងខែនេះ សម្រាប់កិច្ចប្រជុំនយោបាយ និងសន្តិសុខដែលមានបំណងពង្រឹងឥទ្ធិពលក្នុងតំបន់របស់មហាយក្សចិន

ប៉េកាំង៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីអូ ហ្គូទែរេស និងប្រមុខរដ្ឋាភិបាលជាង២០ នៅចុងខែនេះ សម្រាប់កិច្ចប្រជុំនយោបាយ និងសន្តិសុខដែលមានបំណងពង្រឹងឥទ្ធិពលក្នុងតំបន់របស់មហាយក្សចិន។
មេដឹកនាំមកពីប្លុកដែលលាតសន្ធឹងប្រហែលមួយភាគបួននៃពិភពលោកនឹងបង្ហាញផែនការថ្មីដើម្បីធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ ក្នុងកំលុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុងធានជីនចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី១។ ខែកញ្ញា។ នេះបើតាមឧបការីរដ្ឋមន្ត្រីការបរទេស លោក លីវ ប៊ីន (Liu Bin) បានប្រាប់សន្និសីទសារព័ត៌មានស្តីពីការរៀបចំកិច្ចប្រជុំកំពូលនៅថ្ងៃទី២២ ខែសីហា។
ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសឃីន (Masoud Pezeshkian) និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ស្ថិតក្នុងចំណោមអ្នកដែលបានអញ្ជើញឱ្យចួលរួម។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ។
លោក ប៊ីន បានលើកឡើងថា៖«ស្ថានភាពអន្តរជាតិកាន់តែមានភាពចលាចល និងស្មុគស្មាញ វាកាន់តែមានសារសំខាន់សម្រាប់ប្រទេសទាំងអស់ក្នុងការពង្រឹងឯកភាព និងកិច្ចសហប្រតិបត្តិការ។ ជាមួយនឹងស្ថិរភាពនិងភាពធន់របស់អង្គការសហប្រតិបត្តិការសៀងហៃ យើងអាចដោះស្រាយភាពមិនច្បាស់លាស់ និងកត្តាដែលមិនអាចទាយទុកជាមុនបាន… និងបង្កើតបរិយាកាសអំណោយផលនៃសន្តិភាពយូរអង្វែង»។
លោកបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនឹងបញ្ចប់ដោយការចុះហត្ថលេខា និងការចេញផ្សាយសេចក្តីប្រកាសធានជីន។ ការជួបជុំនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលរដ្ឋធានីប៉េកាំងរៀបចំព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
គួររំឭកថា នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២៤ នៅរដ្ឋធានីអាស្តាណាប្រទេសកាហ្សាក់ស្ថាន មេដឹកនាំបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការលើការប្រឆាំងភេរវកម្មក្នុងតំបន់ ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល៕
