លោក Macron អំពាវនាវឱ្យបង្កើន ការដាក់ទណ្ឌកម្មប្រឆាំងប្រទេសរុស្ស៉ី ប្រសិនបើមេដឹកនាំរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅតែមិនព្រមបោះជំហានទៅមុខ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជាមួយអ៊ុយក្រែន

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី១៨ ខែសីហា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យបង្កើន ការដាក់ទណ្ឌកម្មប្រឆាំងប្រទេសរុស្ស៉ី ប្រសិនបើមេដឹកនាំរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅតែមិនព្រមបោះជំហានទៅមុខ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជាមួយអ៊ុយក្រែន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចពិភាក្សាកំពូលនៅសេតវិមាន លោក Macron បាននិយាយថា «លោកប្រធានាធិបតី ត្រាំ ជឿថា យើងនឹងអាចសម្រេចបានកិច្ចព្រមព្រៀងមួយ ហើយលោកជឿជាក់ថា ប្រធានាធិបតី ពូទីន ក៏ចង់បានកិច្ចព្រមព្រៀងសន្តិភាព ផងដែរ។ ប៉ុន្តែប្រសិនបើនៅទីបំផុត ដំណើរការនេះត្រូវបានបដិសេធ យើងក៏ត្រៀមខ្លួនជាស្រេចដែរដើម្បីនិយាយថា យើងចាំបាច់ត្រូវ បង្កើនទណ្ឌកម្មថែមទៀត»។
លោក ត្រាំ បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មកជួបពិភាក្សាគ្នានៅសេតវិមាន បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានទទួលស្វាគមន៍បើកកិច្ចពិភាក្សាជាមួយ លោក ពូទីន នៅរដ្ឋ Alaska កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ជំនួបនៅឯសេតវិមាន ក៏មានការចូលរួមពីបណ្តាមេដឹកនាំអឺរ៉ុបផងដែរ។
ជាចុងក្រោយ លោក Macron បានបង្ហាញក្តីសង្ឃឹមថា រុស្ស៉ីនិងអ៊ុយក្រែន នឹងបន្តការទាក់ទងគ្នាឡើងវិញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ហើយកិច្ចប្រជុំត្រីភាគីមួយ រវាងលោក ត្រាំ លោក ពូទីន និងលោក ហ្សេលេនស្គី នឹងអាចកើតមានឡើង នៅ២ទៅ៣សប្តាហ៍ទៀត៕
