វគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិនៅខេត្តក្រចេះត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ក្រចេះ៖ វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំឡើងដោយក្រសួងព័ត៌មានសហការជាមួយមន្ទីរព័ត៌មានខេត្តក្រចេះត្រូវបានបិទបញ្ចប់ដោយជោគជ័យហើយកាលពីព្រឹកថ្ងៃទី១៤ ខែសីហានេះ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរថ្ងៃកន្លងមកនេះ ដោយមានការចូលរួមយ៉ាងផុលផុស និងប្រកបដោយខ្លឹមសារ ធាតុចូលថ្មីៗទាំងផ្នែកបច្ចេកទេស ជំនាញ យុទ្ធសាស្ត្រ និងរបៀបរបបនៃការអនុវត្តការងារ។
ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពី ឯកឧត្តមលាង ប៊ុនរិទ្ធអនុរដ្ឋលេខាក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តក្រចេះ រួមនឹងថ្នាក់ដឹកនាំពាក់ព័ន្ធមកពី ក្រសួងព័ត៌មាន គ្រូឧទ្ទេស និងសិក្ខាកាមទទួលបន្ទុការព័ត៌មាន និងសាធារណមតិសរុបប្រមាណ៦០នាក់។
ឯកឧត្តមលាង ប៊ុនរិទ្ធអនុរដ្ឋលេខាក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តក្រចេះ បានអរគុណចំពោះគំនិតផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលនេះ ហើយបានចាត់ទុកការគ្រប់គ្រង់ព័ត៌មាន គឺពិតជាមានសារសំខាន់ណាស់ទាំងថ្នាក់ជាតិ និងក្រោមជាតិ។
ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់បន្ថែមអំពីសារៈសំខាន់នៃ ការងារផ្សព្វផ្សាយព័ត៌មាន នៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថលសំខាន់គឺ ត្រូវក្តាប់ស្ថានភាព គ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបានល្អ។ ដូច្នេះមន្ត្រីទទួលបន្ទុកលើការងារនេះ និងស្ថាប័នពាក់ព័ន្ធត្រូវ តែបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ក្នុងនោះការពង្រឹងទំនាក់ទំនងការងារជាមួយអ្នកពាក់ព័ន្ធជុំវិញខេត្តគឺជារឿងចាំបាច់ក្នុងការប្រតិបត្តិការងារឱ្យជោគជ័យ។
ឯកឧត្តមបញ្ជាក់បែបនេះថា៖ « ការងារព័ត៌មាននិងសាធារណមតិនេះ មន្ទីរព័ត៌មានទូទាំង២៥រាជធានីខេត្តគឺត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ជាពិសេសថ្នាក់ដឹកនាំដែលទទួលបន្ទុកព័ត៌មាន។ ជាមួយគ្នានេះ ត្រូវបង្កើតបណ្តាញការងារនៅតាមថ្នាក់ខេត្ត ស្រុក ឃុំ/សង្កាត់ ឬសហគមន៍បន្ថែមទៀតដើម្បីទទួលនិងផ្សព្វផ្សាយព័ត៌មានទៅដល់ប្រជាពលរដ្ឋតាមសហគមន៍ក្នុងមូលដ្ឋានរាជធានី ខេត្តរបស់ខ្លួន»។
លោកស៊ី ផុនហ៊ុងគ្រី សមាជិកនៃក្រុមការងារព័ត៌មាន និងសាធារណមតិខេត្តមណ្ឌលគិរីដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះដោយបានប្តេជ្ញាយកចិត្តចំណេះដឹងដែលទទួលបាននេះទៅអនុវត្តន៍ការងារឱ្យមានប្រសិទ្ធភាពថែមទៀត។
សំឡេង៖ « ពាក់ព័ន្ធទៅវគ្គបណ្តុះបណ្តាលដែលរៀបចំដោយក្រសួងព័ត៌មាននេះ គឺពិតជាមានសារសំខាន់មែនទែនសម្រាប់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិខេត្តដើម្បីយកទៅអនុវត្តការងារនៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសរូបខ្ញុំផ្ទាល់តែម្តងនឹងយកចំណេះដឹងនេះទៅបំពេញការងារឱ្យមានប្រសិទ្ធភាព ហើយស្នើដល់ថ្នាក់ដឹកនាំក្រសួងជួយបើកវគ្គបណ្តុះបណ្តាលឱ្យបានច្រើនដល់មន្ត្រីព័ត៌មានតាមខេត្ត។»
សូមបញ្ជាក់ថា អ្នកចូលរួមទាំងអស់បានបង្ហាញថា វគ្គបណ្ដុះបណ្ដាលនេះ ពួកគាត់ទទទួលចំណេះដឹងថ្មីៗ ដូចជាការចងក្រងបណ្តាញការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ការតាមដាន វិភាគ ចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លែងក្លាយ របៀបរបបការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន, ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ, បច្ចេកទេសរៀបចំ និងផលិតខ្លឹមសារបែបសាធារណមតិ និងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ថ្មីជាដើម៕

