ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គឺសំខាន់បំផុតត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ

ភ្នំពេញ៖ ក្នុងកម្មពិធីបើកវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀនដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានលើកឡើងថា ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គឺសំខាន់បំផុតត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ បើបុគ្គលម្នាក់ៗមានការសម្រេចចិត្តដាច់ខាត មិនពាក់ព័ន្ធ មិនប្រើប្រាស់គ្រឿងញៀន នោះឈានទៅសម្រេចបាននូវការលុបបំបាត់ទីផ្សារគ្រឿងញៀន។
ឯកឧត្តម កៅ ខុនដារ៉ា បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារមួយមានភាពស្មុគស្មាញ ទាមទារឱ្យមានការឆ្លើយតបជាពហុវិសយ និងត្រូវមានចូលរួមពីគ្រប់សមាសភាពសង្គម ចាប់ផ្តើមពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អង្គភាពរដ្ឋ ឯកជន សង្គមស៊ីវិល អង្គការមនុស្សធម៌ និងសាសនា។
ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍ថា «ក្នុងន័យនេះ ការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គឺសំខាន់បំផុតត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ បើបុគ្គលម្នាក់ៗមានការសម្រេចចិត្តដាច់ខាត មិនពាក់ព័ន្ធ មិនប្រើប្រាស់គ្រឿងញៀន នោះឈានទៅសម្រេចបាននូវការលុបបំបាត់ទីផ្សារគ្រឿងញៀន មានន័យថា គ្មានអ្នកប្រើគ្រឿង ញៀន គឺគ្មានទីផ្សារ គ្មានទីផ្សារ គឺគ្មានអ្នកនាំគ្រឿងញៀនយកមកលក់ ឬចែកចាយ។ ដូច្នេះ ការចាប់ផ្តើមពីការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ជាការសម្រេចចិត្តមិន ពាក់ព័ន្ធ និងមិនប្រើប្រាស់គ្រឿងញៀនពីខ្លួនយើងម្នាក់ៗ ឈានទៅបង្កើតបានជាក្រុមគ្រួសារ មួយគ្មានគ្រឿងញៀន និងទីកន្លែងធ្វើការមួយគ្មានអ្នកប្រើគ្រឿងញៀន រហូតដល់ភូមិ ឃុំ និង សហគមន៍មួយ គ្មានគ្រឿងញៀន»។
ឯកឧត្តមរដ្ឋលេខាធិការ បានសង្ឃឹមថា លោក លោកស្រី សមាជិកទាំងអស់នឹងខិតខំត្រង់ត្រាប់ស្តាប់នូវការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលរបស់យើងក្នុងពេលនេះ ដើម្បីបានជាចំណេះដឹងជាប្រយោជន៍ដល់ការចូលរួមកសាងសង្គមជាតិ យើងចៀសផុតពីគ្រោះថ្នាក់នៃគ្រឿងញៀន ពិសេសការបង្ការ ការពារខ្លួនឱ្យចៀសផុត បានពីលទ្ធផលវិជ្ជមាន នៃការធ្វើតេស្តទឹកមូត្ររកសារធាតុញៀន ដែលនឹងត្រូវធ្វើជាប្រក្រតីស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានលើកឡើងថា កម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តលនេះ គឺសកម្មភាពឆ្លើយតបទៅនឹងសុចនាករ ទាំងជាគុណវិស័យ និងបរិមាណវិស័យ ដើម្បីឈានទៅសម្រេចនូវទិសដៅ ដែល បានកំណត់ គឺគ្រប់មន្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធធនាគារទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃត្រូវទទួលបាននូវការផ្សព្វផ្សាយ អប់រំ និងចំណេះ ដឹងពីបញ្ហាគ្រឿងញៀន ឈានទៅបង្ការ និងចៀសផុតពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន ដែលបំណងប្រថ្នារបស់ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាល។
សូមជម្រាបជូនថា វគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាល ក្នុងពេលនេះ បានផ្តោតលើចំណេះដឹងជាមូលដ្ឋានពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា , ផលប៉ះពាល់នៃគ្រឿងញៀននិងសុខភាព, ចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន និងអត្តសញ្ញាណនៃ គ្រឿងញៀន, ការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕

