អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានចេញសេចក្តីជូនដំណឹង ស្តីពីប្រតិបត្តិការល្បែងកាស៊ីណូស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ភ្នំពេញ៖សេចក្ដីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមមាត្រា៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នីតិបុគ្គលអាចប្រតិបត្តិការល្បែងពាណិជ្ជកម្មបាន លុះត្រាតែមានអាជ្ញាបណ្ណជាមុន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
គ្មានបុគ្គលណាអាចតាំងខ្លួន ជាតំណាងរបស់ អ្នកកាន់កាប់អាជ្ញាបណ្ណ និងប្រតិបត្តិករល្បែងពាណិជ្ជកម្ម បានឡើយ លើកលែងតែមានការអនុញ្ញាត អនុលោម តាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ ដែលដាក់ឱ្យដំណើរការដោយប្រតិបត្តិករល្បែង ពាណិជ្ជកម្ម ត្រូវមានការអនុញ្ញាតជាមុន។
មាត្រា៧៤ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា ប្រតិបត្តិករល្បែងពាណិជ្ជកម្ម មិនត្រូវដំណើរការល្បែងណាមួយនៅក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្មឡើយ លុះត្រាតែ៖
ក៖ មានការយល់ព្រមជាមុនលើប្រភេទនៃល្បែងពី គ.ល.ក. ដែលការយល់ព្រមនេះនៅមាន សុពលភាពជាធរមាន។
ខ៖ ល្បែងនោះត្រូវបានដំណើរការ ឬលេងស្របតាមរបៀបលេង និងវិធានល្បែងដែលអនុម័ត ដោយ គ.ល.ក.។
គ៖ ល្បែងនោះត្រូវបានដំណើរការដោយបុគ្គលិកពិសេសដែលមានអាជ្ញាបណ្ណ។
ដូចនេះ ដើម្បីអាចប្រតិបត្តិការល្បែងកាស៊ីណូស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជា ធរមានបាន ត្រូវ៖
* មានអាជ្ញាបណ្ណកាស៊ីណូពី គ.ល.ក. ដែលនៅមានសុពលភាព និងត្រូវធ្វើប្រតិបត្តិការ អាជីវកម្មកាស៊ីណូនៅទីតាំង ដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណកាស៊ីណូ តែប៉ុណ្ណោះ
* មានវិញ្ញាបនបត្រចុះបញ្ជីប្រភេទល្បែង វិធានល្បែង ឧបករណ៍ និង/ឬកម្មវិធីល្បែងកាស៊ីណូ
* មានឧបករណ៍និង/ឬកម្មវិធីល្បែង ដែលបានចុះបញ្ជី និងមានការទទួលស្គាល់ពី គ.ល.ក. (មានបិទ Sticker ដូចគំរូភ្ជាប់ជូន)៕

