គណៈកម្មការអឺរ៉ុប ផ្អាកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ខី អ៊ីឡុន ម៉ាស សម្រាប់ការរំលោភលើច្បាប់តម្លាភាពឌីជីថល

ប្រ៊ុចសែល៖ គណៈកម្មការអឺរ៉ុប បានផ្អាកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ខី អ៊ីឡុន ម៉ាស សម្រាប់ការរំលោភលើច្បាប់តម្លាភាពឌីជីថល។ ការផ្អាកធ្វើឡើងស្របពេលប្លុកនេះ កំពុងស្វែងរកការបញ្ចប់កិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិច។
រដ្ឋធានីប្រ៊ុចសែលរំពឹងថា នឹងបញ្ចប់ការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមន្ត្រីបានឱ្យដឹងថា ការសម្រេចចិត្តមួយទំនងជាធ្វើឡើង បន្ទាប់ពីភាពច្បាស់លាស់នៅក្នុងការចរចាពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាម៉េរិក។
សហភាពអឺរ៉ុបបើកការស៊ើបអង្កេតជាច្រើនលើកម្មវិធី X ក្រោមច្បាប់សេវាកម្មឌីជីថលរបស់ប្លុក ដែលជាសំណុំនៃច្បាប់ដាក់គំនាបឱ្យកម្មវិធីអនឡាញធំៗ ត្រួតពិនិត្យតឹងរ៉ឹងលើវេទិការបស់ពួកគេ។
ច្បាប់នេះ បានក្លាយទៅជាចំណុចក្ដៅរវាងរដ្ឋធានីប្រ៊ុចសែល និងក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក គាំទ្រដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលបានអះអាងថា EU កំពុងកំណត់គោលដៅក្រុមហ៊ុនអាម៉េរិកដោយអយុត្តិធម៌ និងរំលោភលើគោលការណ៍សេរីភាពនៃការបញ្ចេញមតិ។
កាលពីឆ្នាំមុន រដ្ឋធានីប្រ៊ុចសែល បានរកឃើញថា កម្មវិធី X បានបំពានបទប្បញ្ញត្តិរបស់ខ្លួន សម្រាប់ការរចនាបោកបញ្ឆោត និងការចូលប្រើប្រាស់ទិន្នន័យ និងតម្លាភាព។ សហភាពអឺរ៉ុប អាចដាក់ការផាកពិន័យរហូតដល់៦ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់វេទិកានេះ។
គណៈកម្មាការដែលគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បាននឹងកំពុងចរចាជាមួយសហរដ្ឋអាម៉េរិក ចាប់តាំងពីខែមេសា នៅពេលលោក ត្រាំ បានប្រកាសពន្ធបដិការដំបូង២០ភាគរយលើប្លុកនេះ។ យ៉ាងណា គណៈកម្មការបានអះអាងថា ដំណើរការប្រឆាំងនឹងកម្មវិធី X ក្រោមច្បាប់សេវាកម្មឌីជីថលកំពុងបន្ត ដោយការអនុវត្តច្បាប់របស់ខ្លួន គឺឯករាជ្យពីការចរចាដែលកំពុងបន្តនាពេលបច្ចុប្បន្ន៕
