កម្ពុជានឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន (ARDEX-25) នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រាជធានីភ្នំពេញ ជាមួយអ្នកចូលរួមមកពីបណ្តាប្រទេសអាស៊ានសរុបជាង៦០០នាក់។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃការរៀបចំ មានការចូលរួមពីឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម. និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាអ្នកបើកសមយុទ្ធពិធីបើកលំហាត់សមយុទ្ធ និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាអ្នកបិទកម្មវិធី ក្នុងនោះ អ្នកមកចូលរួមក្នុងលំហាត់សមយុទ្ធមានប្រមាណ៦៥០នាក់ រួមមាន ប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត ដៃគូសន្ទនាអាស៊ាន អគ្គលេខាធិការអាស៊ាន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ក្រសួងស្ថាប័នជំនាញ និងអភិបាលរាជធានី-ខេត្ត ជាដើម។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្នុងលំហាត់សមយុទ្ធនឹងមានរៀបចំជាការធ្វើតេស្តសាកល្បងដូចជា ការរុករក និងសង្គ្រោះ ការផ្ដល់នូវសេវាសុខាភិបាល ការផ្ដល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការផ្ដល់ស្បៀងអាហារ និងអនាម័យទឹកស្អាត។ ជាមួយគ្នានោះ លំហាត់សមយុទ្ធនេះ ក៏នឹងរួមបញ្ចូលការធ្វើតេស្តសាកល្បងនីតិវិធីប្រតិបត្តិស្តង់ជាអាស៊ាន សម្រាប់ការត្រៀមរៀបចំក្នុងតំបន់ (SASOP) និងលក្ខខណ្ឌការងាររបស់អគ្គលេខាធិការអាស៊ាន ក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ អាស៊ានផងដែរ។ វិធានដែលនឹងត្រូវប្រើប្រាស់សម្រាប់ ARDEX-25 រួមមាន៖ លំហាត់លើតុ (TTX) លំហាត់ប៉ុស្តិ៍បញ្ជាការ (CPX) និងលំហាត់ហ្វឹកហ្វឺននៅទីវាល (FTX) ជាដើម។
គួរជម្រាបថា លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយ ថ្នាក់តំបន់អាស៊ាន គឺជាលំហាត់សមយុទ្ធពេញលេញ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្ដង ដើម្បីធ្វើតេស្តសាកល្បង និងវាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរបស់អាស៊ាន ក្នុងគោលបំណងសង្គ្រោះអាយុជីវិតជនរងគ្រោះដោយគ្រោះមហន្តរាយ៕

