សម្តេចធិបតី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមគាំទ្រដល់ផលិតផលកសិផលខ្មែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមគាំទ្រដល់ផលិតផល កសិផលខ្មែរ ក្នុងកាលៈទេសៈនេះ ខណៈទោះបីព្រំដែនកម្ពុជា-ថៃមិនបើក រាជដ្ឋាភិបាលបានត្រៀមរួចហើយ ដើម្បីនាំផលិតផលខ្មែរទៅកាន់ប្រទេសផ្សេងៗទៀត។
សម្ដេចបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានឱ្យដឹងថា សម្ដេចបានបញ្ជារួចហើយឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើលជំរុញការកែច្នៃផលិតផលខ្មែរ ផ្គត់ផ្គង់តម្រូវការក្នុងស្រុកទាំងផលិតផលកសិផលបន្លែ និងសាច់ និងបន្តជំរុញលើវិស័យកសិឧស្សាហកម្មនៅនឹងកន្លែង ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់ពិភពលោក៕

