សម្តេចធិបតី៖ កម្ពុជាមានវិធីឆ្លើយតប និងទប់ស្កាត់បានទាំងអស់ចំពោះការគំរាមកំហែងពីប្រទេសថៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានវិធីឆ្លើយតប និងទប់ស្កាត់បានទាំងអស់ចំពោះការគំរាមកំហែងពីប្រទេសថៃ ខណៈមានការគំរាមកំហែងទាំងផ្នែកសេដ្ឋកិច្ច និងយោធាដល់កម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលត្រៀមរួចរាល់អស់ហើយសម្រាប់នាំចេញផលិតផលកសិកម្មរបស់កសិករទៅក្រៅប្រទេស ខណៈកម្ពុជាមានភាពរញ៉េរញ៉ៃជាមួយប្រទេសជិតខាងរយៈពេលយូរនោះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលធានានូវសន្តិសុខស្បៀងផ្ទៃក្នុងជូនដល់បងប្អូនប្រជាពលរដ្ឋ បើទោះបីប្រទេសថៃគេបិទច្រកជាមួយប្រទេសកម្ពុជាក៏ដោយនោះ៕

