ឯកឧត្ដម ហ៊ូ សាគុណ ជួបសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ូ សាគុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ ដែលបម្រើដល់ការងាររបស់កងកម្លាំងនគរបាល។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ប្រតិភូអមដំណើរ លោក លោកស្រីស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដម ហ៊ូ សាគុណ គណៈអធិបតី បានមានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងនគរបាលខេត្ត ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានលើកសរសើរដល់កងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច និងការត្រៀមលក្ខណៈសម្បត្តិដើម្បីធានាបាននូវកិច្ចប្រតិបត្តិការឱ្យបានទាន់ពេលវេលារបស់កងកម្លាំងនគរបាលខេត្តព្រះសីហនុ៕

