ឯកឧត្តម ប៉េង ពោធិ៍សា និងតំណាង អង្គការ Go And Do International អញ្ជេីញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀង រវាង ខេត្តស្វាយរៀង ជាមួយអង្គការ Go And Do International ស្តីពីកិច្ចសហប្រតិបត្តិការសុខុមាលភាពសង្គម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងតំណាង អង្គការ Go And Do International បានអញ្ជេីញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀង រវាង ខេត្តស្វាយរៀង ជាមួយអង្គការ Go And Do International ស្តីពីកិច្ចសហប្រតិបត្តិការសុខុមាលភាពសង្គម ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត,លោកនាយករងរដ្ឋបាលសាលាខេត្ត,លោកស្នងការរងនគរបាលខេត្ត
លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត
,លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត,លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត,លោក នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងប្រតិភូអង្គការ Go And Do International ជាច្រើន រូបទៀត។
មានមតិស្វាគមន៍ទៅកាន់ពិធីនេះ ឯកឧត្តមបានលេីកឡេីងអំពីទីតាំងភូមិសាស្ត្រ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន និងបានសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះអង្គការ Go and Do International ដែលរៀបចំពិធីចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ ជាមួយខេត្តស្វាយរៀង ដែលនឹងនាំមកនូវផលប្រយោជន៍ ដោយឈរលើស្មារតីសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍ ក្នុងលើកកម្ពស់សុខុមាលភាពសង្គម រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការប៉ះពាល់ទាំងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ដែលបណ្ដាលមកពីគ្រោះមហន្តរាយនានាទៅលើប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។
កិច្ចព្រមព្រៀងនេះត្រូវបានរៀបចំក្នុងគោលបំណងដើម្បីបង្កើតឡើងនូវកិច្ចសហប្រតិបត្តិការសម្រាប់ការអនុវត្តគម្រោងរួមគ្នារវាងខេត្តស្វាយរៀង និងអង្គការ Go and Do International ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញ និងធ្វើប្រតិបត្តិការលើគម្រោងស្ដីពី «ការបរិច្ចាគរថយន្តពន្លត់អគ្គិភ័យដោយឥតគិតថ្លៃដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍» និង «ការបណ្តុះបណ្តាលបច្ចេកទេសពន្លត់អគ្គិភ័យ» នៅសាធារណរដ្ឋកូរ៉េ ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

