សម្តេចធិបតី៖ កុំប្រមាថកម្ពុជាឱ្យសោះ ដោយការសម្ញែងគ្រឿងយុទ្ធោបករណ៍ទំនើបៗ ព្រោះកម្ពុជាមិនចាញ់ការគំរាមកំហែងនោះឡើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានផ្ដាំទៅភាគីថៃថា កុំប្រមាថកម្ពុជាឱ្យសោះ ដោយការសម្ញែងគ្រឿងយុទ្ធោបករណ៍ទំនើបៗនោះ ព្រោះកម្ពុជាមិនចាញ់ការគំរាមកំហែងនោះឡើយ។
ក្នុងឳកាសអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការវាយបកដើម្បីការពារបូរណភាពទឹកដី។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជានឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ថែមទៀត បើសិនជាមានការផ្ទុះអាវុធប្រយុទ្ធគ្នា ខណៈពេលនេះ កម្ពុជា កំពុងខិតខំណាស់ក្នុងការ ដោះស្រាយបញ្ហាដោយសន្តិវិធីនិងសន្តិភាព។
សម្ដេចធិបតី បន្ថែមថា មកដល់ពេលនេះ កម្ពុជាមិនទាន់បានពឹងពាក់ប្រទេសណាមួយ ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនរវាងកម្ពុជា-ថៃ។លើកលែងបណ្ដឹងទៅតុលាការអន្តរជាតិ។ យើងនឹងខិតខំរក្សាទំនាក់ទំនងដោះស្រាយចរចាកិច្ចព្រមព្រៀងដែលមានស្រាប់។ ប្រសិនបើមានការផ្ទុះអាវុធកម្ពុជានិងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

