សម្តេចធិបតី៖ កម្ពុជាមិនចង់បានទឹកដីអ្នកណានោះទេ ហើយកម្ពុជាក៏មិនធ្វើឲ្យបាត់បង់ទឹកដីសូម្បីតែមួយមីលីម៉ែត្រនោះដែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជាថ្មីម្តងទៀតថា កម្ពុជាមិនចង់បានទឹកដីអ្នកណានោះទេ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏នឹងមិនធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រនោះដែរ តែបើមានការបំពានពីភាគីណាមួយ គឺយើងនឹងមានការឆ្លើយតបទៅវិញជាក់ជាមិនខានឡើយ។
សម្ដេចធិបតីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនានេះ។
សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់នូវ អភិក្រមចំនួនបី ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺទី១ បច្ចេកទេស ២ច្បាប់អន្តរជាតិ និងទី៣គឺតាមរយៈយោធា។
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាគ្មានការរាថយនោះទេ ក្នុងការប្តឹងទៅតុលាការឡាអេ ទាក់ទងនឹងបញ្ហាប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី ខណៈពេលនេះកម្ពុជាបានផ្ញើលិខិតផ្លូវការហើយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហើយនោះ៕

