ម៉ិកស៊ិកបានគម្រាមដាក់ពន្ធសងសឹក បន្ទាប់ពីសហរដ្ឋអាម៉េរិកដំឡើងពន្ធនាំចូលដែកថែប

បរទេស៖ ម៉ិកស៊ិកបានគម្រាមដាក់ពន្ធសងសឹក បន្ទាប់ពីសហរដ្ឋអាម៉េរិកដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមទ្វេដងរហូតដល់៥០ភាគរយ ធ្វើឱ្យជម្លោះពាណិជ្ជកម្មពិភពលោកកាន់តែស៊ីជម្រៅ រំខានដល់ទីផ្សារ និងទំនាក់ទំនងការទូត។ ទន្ទឹមនឹងនេះ កាណាដា ក៏កំពុងរៀបចំការសងសឹកប្រសិនបើការចរចារពន្ធគយជាមួយ ត្រាំ បរាជ័យ។
ការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការបង្កើនពន្ធដល់៥០ភាគរយ បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៤មិថុនា ដោយអនុវត្តចំពោះប្រទេសទាំងអស់ លើកលែងតែចក្រភពអង់គ្លេស ដោយកំពុងស្ថិតក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋម។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក លោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) បាននិយាយថា ការដំឡើងពន្ធនេះ គឺគ្មាននិរន្តរភាព និងអយុត្តិធម៌ ហើយបានបញ្ជាក់ថា វិធានការតបតកំពុងត្រូវបានរៀបចំ។ លោកបន្តថា៖«យើងមិនអាចទទួលយករឿងនេះ ដោយស្ងៀមស្ងាត់បានទេ។ យើងនឹងធ្វើការឆ្លើយយ៉ាងរឹងមាំ ហើយត្រូវបានក្រិតយ៉ាងច្បាស់លាស់»។
សភាពាណិជ្ជកម្មម៉ិកស៊ិក ក៏ជំរុញឱ្យមានវិធានការរបស់រដ្ឋាភិបាលជាបន្ទាន់ ខណៈដែលអ្នកដឹកនាំឧស្សាហកម្មបានព្រមានអំពីការកើនឡើងថ្លៃដើមផលិតកម្ម និងការបាត់បង់ការងារនៅក្នុងវិស័យផលិតកម្មរបស់ប្រទេស។ ក្រោយចូលជាធរមាន អត្រាពន្ធថ្មីនេះ បានបង្កឱ្យមានអស្ថិរភាពទីផ្សារ ដោយប្រទេសកាណាដា និងម៉ិកស៊ិក ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាម៉េរិកសម្រាប់ដែកថែប ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេ។ ពន្ធថ្មីនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់វិស័យអាលុយមីញ៉ូមផងដែរ ដោយប្រទេសកាណាដាជាអ្នកនាំចេញកំពូលទៅកាន់សហរដ្ឋអាម៉េរិក។ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី បញ្ជាក់ថា រដ្ឋាភិបាលរបស់លោកកំពុងត្រៀមវិធានការសងសឹកបន្ថែមទៀត ប្រសិនបើការចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីបញ្ចប់ការដំឡើងពន្ធទ្វេដងលើដែកថែប និងអាលុយមីញ៉ូមនាពេលថ្មីៗនេះបរាជ័យ។
ក្រុមប្រឹក្សាគោលនយោបាយរថយន្តអាម៉េរិកបានព្រមានថា វិធានការនេះនឹងបង្កើនថ្លៃដើមផលិតកម្មរថយន្ត និងប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហរដ្ឋអាម៉េរិក។ ទន្ទឹមគ្នានោះ ការព្រួយបារម្ភអំពីខ្សែច្រវាក់ផ្គត់ផ្គង់កំពុងត្រូវបានរំខានដោយសារការរឹតបន្តឹងរបស់ប្រទេសចិន លើការនាំចេញរ៉ែកម្រ។ ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប បានរាយការណ៍ពីការរអាក់រអួលក្នុងផលិតកម្ម ខណៈក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW បានកត់សម្គាល់ពីការពន្យារពេលក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ ដោយសារតែកង្វះសារធាតុរ៉ែសំខាន់ៗ៕
