លោក Wang Yi៖ ចិននឹងបង្កើនការគាំទ្រដល់ប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក ប្រឈមមុខនឹងបញ្ហាប្រែប្រួលអាកាសធាតុ

ប៉េកាំង៖ លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន បានសន្យាថា ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោក នឹងបង្កើនការគាំទ្រដល់ប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក ប្រឈមមុខនឹងបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ ២០២៥។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ក្រោយកិច្ចប្រជុំក្នុងទីក្រុង Xiamen កាលពីថ្ងៃពុធ លោក Wang បាននិយាយដោយសំដៅទៅលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់លោក ស៉ី ជីនពីង ថាចិននឹងអនុវត្តគម្រោង ១០០ «តូចប៉ុន្តែស្រស់ស្អាត» នៅទូទាំងបណ្តាប្រទេសកោះប៉ាស៉ីហ្វិក តាមរយៈការធ្វើទំនាក់ទំនងជាមួយចិនរយៈពេល ៣ឆ្នាំទៅមុខ។
សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ចិន ទទួលស្គាល់យ៉ាងពេញលេញ ចំពោះភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសកោះប៉ាស៉ីហ្វិក ប្រឈមមុខនឹងវិបត្តិបម្រែបម្រួលអាកាសធាតុ។ ប៉េកាំងក៏នឹងបណ្តាក់ទុន ២លានដុល្លារ លើវិស័យថាមពលស្អាត នេសាទ មហាសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធកាបូនទាប និងវិស័យទេសចរណ៍ នៅបណ្តាប្រទេសកោះប៉ាស៉ីហ្វិកផងដែរ។
គួរបញ្ជាក់ថា ការសន្យារបស់ចិនជាមួយបណ្តាប្រទេសកោះប៉ាស៉ីហ្វិក កើតឡើងនៅពេលដែលកម្មវិធីជំនួយរបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់នេះត្រូវបានបង្កក ហើយប្រទេសជាច្រើន រងផលប៉ះពាល់ពីពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក៕
