កូរ៉េខាងជើង ថ្កោលទោសផែនការខែលការពារមីស៊ីល «ដំបូលមាស ឬ (Golden Dome)» របស់ដូណាល់ ត្រាំ ថា ជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារទី២៧ ឧសភាថា កូរ៉េខាងជើង ថ្កោលទោសផែនការខែលការពារមីស៊ីល «ដំបូលមាស ឬ (Golden Dome)» របស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ថា ជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត។ គ្រោងការដ៏មហិមានេះ ក៏ធ្វើឱ្យមហាយក្សចិននៅមិនសុខដែរ ដោយបង្ហាញពីការព្រួយបារម្ភ និងចង់ឱ្យបងធំអាម៉េរិកទម្លាក់ផែនការមួយនេះចោល។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយថា ក្រសួងការបរទេសកូរ៉េខាងជើងបានចេញអនុស្សរណៈមួយ ដោយហៅប្រព័ន្ធការពារដែនអាកាសនេះថា ជាគំនិតផ្តួចផ្តើមគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត មានគោលបំណងគម្រាមកំហែងដល់សន្តិសុខជាយុទ្ធសាស្ត្ររបស់រដ្ឋអាវុធនុយក្លេអ៊ែរ។ អនុស្សរណៈដោយប្រទេសកូរ៉េខាងជើងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា កំពុងព្យាយាមបំពាក់អាវុធយោធានៅលើលម្ហអាកាស។
KCNA បានបន្ថែមថា៖«ផែនការរបស់សហរដ្ឋអាម៉េរិកសម្រាប់ការកសាងប្រព័ន្ធការពារមីស៊ីលថ្មី គឺជាដើមចមនៃការជំរុញឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ និងអវកាសសកល ដោយជំរុញឱ្យមានការបារម្ភពីសន្តិសុខរបស់រដ្ឋអាវុធនុយក្លេអ៊ែរ និងការបង្វែរលម្ហអាកាសទៅជាតំបន់សង្គ្រាមនុយក្លេអ៊ែរដ៏មានសក្តានុពល»។
មហាអំណាចសហរដ្ឋអាម៉េរិក ជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់កូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនសមយុទ្ធយោធារួមគ្នា និងបង្កើនវត្តមានយុទ្ធោបករណ៍ទំនើបៗ និងមានឥទ្ធិពល ដូចជានាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់ ដើម្បីរារាំងកូរ៉េខាងជើង។ រដ្ឋធានីព្យុងយ៉ាងបានប្រកាសម្ដងហើយម្ដងទៀតថា ខ្លួនជារដ្ឋអាវុធនុយក្លេអ៊ែរមិនអាចត្រឡប់វិញបាន ហើយតែងតែបរិហារសមយុទ្ធរួមគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងថា ជាការហាត់សមសម្រាប់ការឈ្លានពាន។
ខ្នងបង្អែកដ៏ធំរបស់កូរ៉េខាងជើង គឺចិន ក៏បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផែនការខែលការពារមីស៊ីលដំបូលមាសរបស់រដ្ឋធានីវ៉ាស៊ីនតោនដែរ ដោយចោទប្រកាន់សហរដ្ឋអាម៉េរិកថា បានធ្វើឱ្យខូចដល់ស្ថិរភាពពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង អះអាងថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះគម្រោងខែលការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិក និងស្នើឱ្យរដ្ឋធានីវ៉ាស៊ីនតោន បោះបង់ចោលការអភិវឌ្ឍមួយនេះ។ ដោយឡែក បងធំរបស់កូរ៉េខាងជើងមួយទៀត គឺរុស្ស៊ី ក៏ប្រតិកម្មផងដែរ។ វិមានក្រឹមឡាំង បានលើកឡើងថា គំនិតផ្តួចផ្តើមរបស់លោក ត្រាំ ជាបញ្ហាអធិបតេយ្យភាពរបស់សហរដ្ឋអាម៉េរិក។
ប្រព័ន្ធការពារដែនអាកាសដំបូលមាស ឬជាភាសាអង់គ្លេសថា Golden Dome គឺយកគំរូពីប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល ដែលបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លីរាប់ពាន់គ្រាប់ និងមីស៊ីលផ្សេងទៀត ចាប់តាំងពីវាបានដំណើរការក្នុងឆ្នាំ២០១១។ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី២០ឧសភាថា លោកជ្រើសរើសការរចនាសម្រាប់គម្រោងតម្លៃ១៧៥ពាន់លានដុល្លារ និងបានតែងតាំងឧត្តមសេនីយ៍នៃកងកម្លាំងអវកាស ដើម្បីដឹកនាំកម្មវិធីដ៏មហិច្ឆតានេះ ក្នុងគោលបំណងទប់ស្កាត់ការគំរាមកំហែងពីយក្សកំណាចកុម្មុយនីស្ដទាំង២ (ចិន និងរុស្ស៊ី)។
ប្រព័ន្ធខែលការពារមីស៊ីលដំបូលមាស ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលសមត្ថភាពលើដី និងលម្ហអាកាស ដែលអាចស្ទាក់ចាប់ និងបញ្ឈប់ដំណើរមីស៊ីលនៅគ្រប់ដំណាក់កាលសំខាន់ៗទាំងបួន នៃការវាយប្រហារដែលអាចកើតមាន៖ ការរកឃើញ និងបំផ្លាញ ស្ទាក់ចាប់ក្នុងដំណាក់កាលហោះហើរដំបូង បញ្ឈប់ដំណើរមីស៊ីលពាក់កណ្តាលអាកាស ឬបញ្ឈប់មីស៊ីលនៅនាទីចុងក្រោយ នៅពេលដែលហោះទៅដល់គោលដៅមួយ៕

