តុលាការថៃ ចេញដីកាចាប់ខ្លួនមនុស្សចំនួន១៧នាក់ ក្នុងនោះមានមហាសេដ្ឋីក្នុងវិស័យសំណង់ម្នាក់ ជាប់ពាក់ព័ន្ធការសាងសង់អគារខ្ពស់ដែលដួលរលំ និងសម្លាប់កម្មករជាច្រើននាក់ ក្នុងអំឡុងគ្រោះរញ្ជួយដីកាលពីខែមីនា

បាងកក៖ បើតាមការអះអាងដោយប៉ូលិសថៃ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែឧសភា តុលាការថៃ បានចេញដីកាចាប់ខ្លួនមនុស្សចំនួន១៧នាក់ ដោយក្នុងចំណោមនោះ មានមហាសេដ្ឋីក្នុងវិស័យសំណង់ម្នាក់ផងដែរ ជុំវិញការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការសាងសង់អគារខ្ពស់ដែលបានដួលរលំ និងសម្លាប់កម្មករជាច្រើននាក់ ក្នុងអំឡុងពេលគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកាលពីខែមីនាកន្លងទៅ។
ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន៨៩នាក់ នៅក្នុងប្រតិបត្តិការរយៈពេល ៦សប្តាហ៍នៅក្នុងគំនរបាក់បែកនៃអគារការិយាល័យសវនកម្មរដ្ឋកម្ពស់៣០ជាន់ ដែលបានសាងសង់នៅក្នុងរាជធានីបាងកក ជាអគារខ្ពស់តែមួយគត់ដែលបានដួលរលំក្នុងអំឡុងពេលគ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ។ ស្នងការរងប៉ូលិសរាជធានីបាងកក ឧត្តមសេនីយ៍ទោ ស៊ុមគួរ ភឿងសព្ទ បានអះអាងថា ការចោទប្រកាន់ទាំងនោះរួមមាន៖ ការរំលោភលើគុណភាពនៃសំណង់អគារដែលបណ្ដាលឱ្យមានអ្នកស្លាប់ជាច្រើន ដោយមនុស្សទាំង១៧នាក់នោះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
អាជ្ញាធរថៃ កំពុងស៊ើបអង្កេតពីមូលហេតុនៃការបាក់អគារ ក្រោយគ្រោះថ្នាក់ដ៏សាហាវបំផុតមួយក្នុងប្រទេសថៃបានកើតឡើង។ យ៉ាងណា គិតមកទល់ពេលនេះ មនុស្ស៧នាក់នៅតែបន្តបាត់ខ្លួន។
ប៉ូលិសបង្ហាញថា អ្នកដែលត្រូវបានចោទប្រកាន់រួមមាន៖ នាយកប្រតិបត្តិ និងវិស្វករមកពីក្រុមហ៊ុនចំនួន៧ ដែលជាប់ពាក់ព័ន្ធនឹងការរចនា ការសាងសង់ និងការត្រួតពិនិត្យអគារដែលដួលរលំនោះ។ ជាក់ស្តែង លោក ព្រែមឆៃ កាណាស៊ូតា អតីតប្រធានក្រុមហ៊ុនសំណង់ធំបំផុតរបស់ប្រទេសថៃ Italian Thai Development Pcl ក៏ត្រូវបានចាប់ខ្លួនផងដែរ៕

