សម្តេចតេជោ៖ ចិនពុំដែលដាក់លក្ខខណ្ឌឲ្យកម្ពុជាធ្វើនេះធ្វើនោះទេ ផ្ទុយទៅវិញចិនគោរពសិទ្ធរបស់កម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ស្តីពីប្រធានបទ « មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៏និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព » ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិនមិនដែលបញ្ជា ឬដាក់លក្ខខណ្ឌណាមួយឲ្យកម្ពុជាធ្វើអ្វីតាមខ្លួន ហើយទើបផ្តល់ជំនួយឲ្យកម្ពុជានោះទេ ខណៈប្រទេសខ្លះមុននឹងផ្តល់ជំនួយឲ្យកម្ពុជាពួកគេបានបញ្ជាឲ្យធ្វើនេះធ្វើនោះតាមតែចិត្តគេចង់បាន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាអះអាងថា ចិនពុំ ដែលដាក់លក្ខខណ្ឌឲ្យកម្ពុជាធ្វើនេះធ្វើនោះទេ ផ្ទុយទៅវិញចិនគោរពសិទ្ធរបស់កម្ពុជា និងសិទ្ធជាម្ចាស់ប្រទេស មិនដូចប្រទេសខ្លះបញ្ជាឲ្យកម្ពុជាធ្វើស្រេចតែចិត្តគេ ទើបបានគេផ្តល់ជំនួយឬក៏កម្ពុជាខ្ចីលុយ។
សម្តេចតេជោបន្ថែមទៀតថា ប្រទេសខ្លះបានផ្តល់ជំនួយមកដើម្បីសម្លាប់ខ្មែរហើយជំនួយនោះខ្លះទៀតសោធគ្រាន់តែមានតួលេខប៉ុណ្ណោះ ហើយគេបានបង្ខិតខំបង្ខំឲ្យខ្មែរធ្វើតាមគេគ្រប់បែបយ៉ាង។ តែយ៉ាងណាក៏ដោយសម្តេចតេជោ បានអំពាវនាវដល់បណ្តាប្រទេសជាមិត្ត ទាំងអស់គប្បីបញ្ចប់វប្បធម៌គាប់សង្កត់គេដើម្បីជាថ្នូនឹងប្រាក់កម្ចី និងជំនួយបែបនោះបន្តទៀតទៅ ដោយ ត្រូវផ្តល់សិទ្ធម្ចាស់ប្រទេសជាអ្នកជ្រើសរើស៕

