ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូនៃសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូនៃសហព័ន្ធរុស្ស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។
សូមជម្រាបថា ដំណើរទស្សនកិច្ចនេះដឹកនាំដោយ អគ្គរដ្ឋអាជ្ញារុស្សី មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ និង២៧ ខែឧសភា ឆ្នាំ២០២៥ និង ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃសហព័ន្ធរុស្ស៊ី នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត ៕

