គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល

សិង្ហបុរី៖ នៅថ្ងៃពុធទី២៣ ខែមេសានេះ គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បានបង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងនៃការបោះឆ្នោតសកលនាថ្ងៃទី៣ ខែឧសភា។ នេះជាការកែប្រែថ្មីដ៏ធំបំផុតមិនធ្លាប់មានរបស់គណបក្ស ដែលបានគ្រប់គ្រងរដ្ឋដ៏តូចមួយនេះចាប់តាំងពីឯករាជ្យនៅឆ្នាំ១៩៦៥។
ការផ្លាស់ប្ដូរនេះ ធ្វើឡើងបន្ទាប់ពីការសន្យារបស់លោកនាយករដ្ឋមន្ត្រី ឡរ៉េន វង្ស ពេលចូលកាន់តំណែងកាលពីឆ្នាំមុន និងបានកាន់តំណែងជាអ្នកដឹកនាំគណបក្សសកម្មភាពប្រជាជនដើម្បីនាំយក«ឈាមថ្មី គំនិតថ្មី និងថាមពលថ្មី» ដើម្បីដឹកនាំប្រទេសមានប្រជាជន៦លាននាក់នេះ។ ការបោះឆ្នោត ជាការសាកល្បងលើកដំបូងសម្រាប់លោក ឡរ៉េន វង្ស ដែលបានចូលកាន់ដំណែងបន្តពីនាយករដ្ឋមន្ត្រី លោក លី សៀនឡុង។
ការបោះឆ្នោតនឹងប្រព្រឹត្តទៅចំពេលមានទស្សនវិស័យសេដ្ឋកិច្ចអាប់អួរ ខណៈគំនាបពន្ធរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ គំរាមកំហែងដល់សកម្មភាពក្នុងប្រទេសពឹងផ្អែកលើពាណិជ្ជកម្ម ខណៈកាលពីថ្ងៃចន្ទ បានបន្ទាបការព្យាករកំណើនរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ពី១ទៅ៣ភាគរយមកនៅត្រឹម០ទៅ២ភាគរយ។
គួរបញ្ជាក់ថា ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច បានធ្លាក់ចុះនៅក្នុងការបោះឆ្នោតនាពេលថ្មីៗ ខណៈគណបក្សប្រឆាំងទទួលបានជំហរកាន់តែរឹងមាំនៅក្នុងសភា ដោយទទួលបានអាសនៈចំនួន៦ មិនធ្លាប់មានពីមុនមកក្នុងឆ្នាំ២០១១ និង២០១៥ និង១០អាសនៈ នៅឆ្នាំ២០២០។ ការបោះឆ្នោតនាពេលខាងមុខ នឹងមានអាសនៈចំនួន៤ បន្ថែមទៀត បើប្រៀបធៀបទៅនឹងការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២០ ដោយមានសមាជិកសភាចំនួន៩៧ រូបត្រូវបានជ្រើសរើសពី១៥ មណ្ឌលបោះឆ្នោត៕
