សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ នាយករដ្ឋមន្រ្តីថៃ ក្រោយបញ្ចប់ជំនួប និងពិធីចុះហត្ថលេខានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ។
សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងថា “ខ្ញុំសូមអរគុណមិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ចំពោះពលករកម្ពុជា ដែលថ្មីៗនេះ បានលើកលែងថ្លៃទិដ្ឋាការអនុញ្ញាតឱ្យចូលប្រទេសវិញ (Re-entry Permit Fee) សម្រាប់ពលករខ្មែរដែលមកលេងកម្ពុជា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ដើម្បីបានជួបជុំគ្រួសារ ស្របតាមការស្នើសុំរបស់ខ្ញុំកន្លងទៅ”។
សូមជម្រាបថា ការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដល់បងប្អូនពលករខ្មែរ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាការឯកភាពព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ៕

