របបយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងដ៏ធំមួយបានយល់ព្រមបន្តបទឈប់បាញ់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយបន្ថែមទៀត បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លា

បាងកក៖ កាលពីថ្ងៃសុក្រទី១៨ ខែមេសា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានឱ្យដឹងថា របបយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងដ៏ធំមួយបានយល់ព្រមបន្តបទឈប់បាញ់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយបន្ថែមទៀត បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លា។
លោក អាន់វ៉ា ដែលជាប្រធាននៃប្លុកតំបន់អាស៊ានផងដែរនោះ បានជួបពិភាក្សាតាំងពីថ្ងៃព្រហស្បតិ៍ជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង និងជាមួយរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលកំពុងប្រយុទ្ធនឹងយោធា ដោយស្វែងរកការទប់ស្កាត់ជម្លោះដែលកំពុងបន្តដើម្បីជំរុញរំហូរជំនួយចូលប្រទេសកម្សត់នេះ។
លោក អាន់វ៉ា បានប្រាប់អ្នកយកព័ត៌មាននៅរាជធានីបាងកកថា៖«បទឈប់បាញ់នឹងកើតមានឡើង ហើយការបង្កហេតុដែលមិនចាំបាច់មិនគួរកើតឡើងទេ ពីព្រោះបើមិនដូច្នេះទេ កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទាំងមូលនឹងបរាជ័យ។ ការផ្លាស់ប្ដូរដំបូងរបស់ខ្ញុំជាមួយទាំងភាគីទាំង២ ទទួលជោគជ័យយ៉ាងខ្លាំង»។
នៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលរួបរួមជាតិ លោក អានវ៉ា បាននិយាយថា អាស៊ាននឹងបន្តកិច្ចសន្ទនាជាមួយក្រុមនេះ និងរបបយោធា ហើយជំនួយមនុស្សធម៌នឹងត្រូវបានផ្ដល់ជូនដល់តំបន់ដែលត្រូវការ ដោយមិនគិតពីអ្នកដែលគ្រប់គ្រងនោះទេ។
កាលពីចុងខែមីនា គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ បានវាយប្រហារប្រទេសនេះ ដោយបានសម្លាប់មនុស្សជាង ៣៦០០នាក់ និងបង្កើតវិបត្តិមនុស្សធម៌។ បន្ទាប់ពីការរញ្ជួយដី របបយោធាមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់រយៈពេល២០ ថ្ងៃនៅថ្ងៃទី២ ខែមេសា បន្ទាប់ពីចំណាត់ការស្រដៀងគ្នាធ្វើឡើងដោយរដ្ឋាភិបាលរួបរួមជាតិ។ ទោះជាយ៉ាងណាក៏ដោយ របបយោធាបានបន្តប្រតិបត្តិការយោធានៅក្នុងតំបន់មួយចំនួន រួមទាំងការវាយប្រហារតាមអាកាស។ នេះបើយោងតាមអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្ស៕
