ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យបើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិម៉ឺនជ័យ ត្រពាំងផ្លុង និងត្រពាំងស្រែ នៃនាយកដ្ឋានច្រកទ្វារទី២។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គនាយក ដល់បងប្អូនមន្រ្តីនគរបាលអន្តោប្រវេសន៍។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយករង ក៏បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការងារជំនាញ និងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិដោយបញ្ចេញស្នាមញញឹមរាក់ទាក់ស្វាគមន៍របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ព្រមទាំងបានណែនាំ និងក្រើនរំលឹក លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ ៕