លោក ពូទីន អំពាវនាវឱ្យមានតំបន់សន្តិសុខតាមព្រំដែន ជំរុញឱ្យមានរំដោះតំបន់ Kursk ឱ្យបានពេញលេញ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី១២ ខែមីនា បានស្នើបង្កើតតំបន់សន្តិសុខ តាមបណ្តោយព្រំដែនរដ្ឋរបស់រុស្ស៊ី និងទាមទារឱ្យមានការបណ្តេញកងកម្លាំងសត្រូវទាំងស្រុង ពីតំបន់ Kursk ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលបញ្ជាការយោធា ដែលត្រួតពិនិត្យប្រតិបត្តិការនៅក្នុងតំបន់។
លោក ពូទីន បាននិបន្តថា ជាការពិតណាស់ យើងគួរតែគិតអំពីអនាគត និងអំពីការបង្កើតតំបន់សន្តិសុខនៅតាមព្រំដែនរដ្ឋ ដោយបន្ថែមថា អាទិភាពភ្លាមៗគឺដើម្បីសម្រេចបាននូវការកម្ចាត់សត្រូវទាំងស្រុងនៅក្នុងតំបន់ Kursk និងធានាបាននូវការរំដោះទាំងស្រុង។
ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានកត់សម្គាល់ផងដែរថាទាហានសត្រូវទាំងនោះដែលត្រូវបានចាប់ជាឈ្លើយនៅក្នុងតំបន់ Kursk គួរតែត្រូវបានចាត់ទុកជាភេរវករស្របតាមច្បាប់របស់សហព័ន្ធរុស្ស៊ី។
យោងតាមអគ្គសេនាធិការរុស្ស៊ី លោក Valery Gerasimov ដែលបានរាយការណ៍ទៅលោក ពូទីន ក្នុងដំណើរទស្សនកិច្ចនេះ កងទ័ពរុស្ស៊ីបានដណ្តើមយកមកវិញនូវទឹកដីជាង ១,១០០គីឡូម៉ែត្រការ៉េនៅក្នុងតំបន់ Kursk ដែលតំណាងឱ្យជាង ៨៦ភាគរយនៃតំបន់ដែលត្រូវបានកាន់កាប់ពីមុនដោយកងកម្លាំងប្រឆាំង។