សម្តេចធិបតី៖ ប្រទេសជាតិត្រូវតែមានការអភិវឌ្ឍជាប្រចាំ ដើម្បីធ្វើការប្រកួតប្រជែងគ្នា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ប្រទេសយើងត្រូវតែមានការអភិវឌ្ឍជាប្រចាំ ដើម្បីធ្វើការប្រកួតប្រជែងគ្នា បើមិនដូច្នេះទេប្រទេសអាចនឹងក្លាយជារបស់ហួសសុពលភាព ឬហួសដឺឡេ។
ការគូសបញ្ជាក់បែបនេះរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ជាក់ការសិក្សានៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជោគជ័យមានការប្រែប្រួល ហើយចំពោះ ប្រទេសក៏មានការប្រែប្រួលដែរ។ ដូច្នេះ បើធានា និងប្រកួតប្រជែងយើងត្រូវការអភិវឌ្ឍជាប្រចាំ បើមិនដូច្នេះទេវានឹងក្លាយជារបស់ហួសដឺឡេជាមិនខាន។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានលើកឡើងពីក្រុមហ៊ុនកុំព្យូទ័រមួយមានឈ្មោះថា IBM មានភាពល្បីល្បាយ ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុននេះបានបាត់ឈ្មោះហើយ តែទៅបង្កើតឈ្មោះ ដោយគុណភាពនៅតែល្អដូចឈ្មោះដើមអីចឹង។
សម្ដេចធិបតី បានបន្ដថា បច្ចេកវិទ្យាមានភាពជឿនលឿនឆាប់រហ័ស ដូច្នេះ យើងចាំបាច់ត្រូវតែមានមនុស្ស មានការអភិវឌ្ឍ បើមិនដូច្នេះទេយើងគ្មានធនធាន មនុស្សប្រើប្រាស់បច្ចេកវិទ្យានោះទេ។
សម្តេចបធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា បញ្ហាធនធានមនុស្សសំខាន់ណាស់ សម្រាប់ធ្វើការប្រកួតប្រជែង ឬប្រើប្រាស់បច្ចេកទេសទំនើបសម្រាប់ប្រកួតប្រជែងជាមួយគេបាននោះទេ។
ជាមួយគ្នានោះ សម្តេចធិបតី ក៏បានលើកឡើងពីការបំពាក់បច្ចេកវិទ្យានៅតាមមន្ទីរពទ្យបង្អែកខេត្ត ដែលការដាក់នេះចាំបាច់ត្រូវមានអ្នកជំនាញក្នុងការគ្រប់គ្រងផងដែរ ៕