សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដល់ស.ស.យ.ក. ក្នុងការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា»

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកបដោយជោគជ័យ និងមោទនភាព។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃទី២៤ ខែមករានេះ ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍បែបនេះ ដើម្បីលើកកម្ពស់មោទនភាពក្នុងភាពជាប្រជាជាតិតែមួយ អរិយធម៌ និងវប្បធម៌សម្បូណ៌បែប និងយូរអង្វែងរបស់កម្ពុជា ទៅកាន់ពិភពលោក និងដើម្បីជាគុណប្រយោជន៍ដល់វិស័យទេសចរណ៍ ៕

