នាយកដ្ឋានអក្សរសម្ងាត់ក្រសួងមហាផ្ទៃ ដាក់ចេញទិសដៅការងារ ព្រមទាំងពិភាក្សារលើប្រធានបទសំខាន់ៗ ចំនួន៤ ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដាក់ចេញនូវទិសដៅការងារ ព្រមទាំងពិភាក្សារលើប្រធានបទសំខាន់ៗ ចំនួន៤ ក្នុងឆ្នាំ២០២៥។
មានប្រសាសន៍ដាក់ចេញនូវទិសដៅការងារបែបនេះ ស្ថិតក្នុងឱកាស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអក្សរសម្ងាត់ឆ្នាំ២០២៤ នឹងលើកទិសដៅការងារ ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានអក្សរសម្ងាត់ក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានអក្សរសម្ងាត់ បានមានប្រសាសន៍បន្តថា ប្រធានបទ ទាំង០៤ ដែលបាន ពិភាក្សារនាពេលនេះ រួមមាន ប្រធានបទទី១ គឺអំពីមន្ត្រី ជំនាញ ដោយផ្តោតលើមន្ត្រីដែលគ្មានជំនាញ មិនទាន់ឆ្លងកាត់វគ្គបណ្តុះបណ្តាល និងមន្ត្រីដែលបាន បណ្តុះបណ្តាលរួច ទើបអាចផ្ទេរចេញ ប្រធានបទទី២ គឺ ការតែងតាំងមុខតំណែង ដោយផ្តោតលើមន្ត្រីដែល មិនបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ប្រធានបទទី៣ គឺ ការថែទាំសម្ភារជំនាញ និងប្រធានបទទី៤ គឺ សេវាអ៊ីនធឺណេត។ ការដាក់ចេញនូវប្រធានបទទាំង ០៤នេះ គឺដើម្បីប្រមូលនូវចំណុចខ្វះខាតមួយចំនួនដើម្បី ដោះស្រាយ បំពេញបន្ថែមសម្រាប់យកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ា មុយឡុង បានបន្ថែមថាគោលបំណងសំខាន់នៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ការងារអក្សរសម្ងាត់ក្នុងឆ្នាំ២០២៤កន្លងទៅ សំដៅដកស្រង់នូវបទពិសោធន៍ រកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារ ដែល ជាមូលដ្ឋានក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារសម្រាប់ឆ្នាំ២០២៥ ឲ្យកាន់តែប្រសើរឡើង និងឈាន ទៅសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀត ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ។
ឯកឧត្តម ស៊ា មុយឡុង បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលអក្សរសម្ងាត់គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត គំនិត ប្រាជ្ញា ស្មារតីបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ផងដែរ៕

