នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ។
ពិធីបិទសន្និបាតនេះដែរ ក៏មានអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម អគ្គនាយក និងឯកឧត្តម-លោកជំទាវ អគ្គនាយករង នៃអគ្គដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ, តំណាងអគ្គស្នងការ អគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើបាយការណ៍ស្វាគមន៍ និងសេចក្ដីរាយការណ៍អំពីលទ្ធផ នៃអង្គសន្និបាត របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ គោរពរាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងអង្គពិធីទាំងមូលបានជ្រាប។
អញ្ជើញបិទសន្និបាត ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ផ្អែកតាមសេចក្តីរាយការណ៍សង្ខេបរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អំពីលទ្ធផលសន្និបាតដែលបានប្រព្រឹត្តទៅ រយៈពេល ០១ថ្ងៃមកនេះ និងផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ របស់ អគ្គនាយកដ្ឋាន តាងនាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សម្តែងអំណរគុណ ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច យ៉ាងសកម្ម និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់រហូតសម្រេចបានសមិទ្ធផលជាច្រើន ក្នុងឆ្នាំ២០២៤ នេះ ជាពិសេសការបន្តនិរន្តរភាព និងប្រសិទ្ធភាពក្នុងការដឹកនាំ និងគ្រប់គ្រងការងារបច្ចេកវិទ្យាឌីជីថល ក្របខណ្ឌក្រសួងមហាផ្ទៃ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
លើពីនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានកោតសរសើរចំពោះលទ្ធផលការងារសម្រេចបានឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអនុវត្តការងារសម្រេចបានលទ្ធផល ៩២% បើប្រៀបធៀបជាមួយនឹងផែនការ យុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ (លើកលែងតែការងាររៀបចំដំឡើង ផ្ទាលផ្លាស់ប្តូរទិន្នន័យ ក្រសួងមហាផ្ទៃ) ទន្ទឹមនេះបើប្រៀបធៀបជាមួយ ផែនការសកម្មភាពឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ យើងសម្រេចបានលទ្ធផលការងារ ១៣០% លើសពីផែនការកំណត់ និងសូមឯកភាពទាំងស្រុងលើរបាយការណ៍នៃអង្គសន្និបាតនេះ។
ឯកឧត្តម រដ្ឋលេខាធិការ បន្ដថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអនុវត្តផែនការយុទ្ធសាស្ត្រ បច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ សម្រាប់ជាមាគ៌ាបង្ហាញផ្លូវដើម្បីឈានទៅ សម្រេចបានបេសកកម្មចម្បងរបស់អគ្គនាយកដ្ឋាន និងការអនុវត្តតាមផែនការយុទ្ធសាស្ត្រ ស្តីពីការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម ក៏បានគាំទ្រ និងកោតសរសើរចំពោះការរៀបចំផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល នឹងផ្សព្វផ្សាយអប់រំ ឆ្នាំ២០២៤ ជាពិសេស ការកំណត់បានច្បាស់លាស់អំពីចក្ខុវិស័យ គោលបំណង ផែនការសកម្មភាព និងសូចនាករជាក់លាក់និងត្រឹមត្រូវ ដែលនាំឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាបន្ត បន្ទាប់ក្នុងពេលនេះ។
សូមជម្រាបជូនថា ឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានអញ្ជើញប្រគល់លិខិតសរសើរជូនថ្នាក់ដឹកនាំ និងមន្ដ្រី នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ៕

