កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយខ្លី ៧គ្រាប់ ចូលសមុទ្រ ដើម្បីជាការស្វាគមន៍ថ្ងៃបោះឆ្នោតអាមេរិក

ព្យុងយ៉ាង៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន អះអាងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីយ៉ាងហោចណាស់៧គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតប្រទេស នៅព្រឹកថ្ងៃអង្គារទី៥វិច្ឆិកានេះ ភ្លាមៗបន្ទាប់ពីរដ្ឋធានីព្យុងយ៉ាង បានថ្កោលទោសការធ្វើសមយុទ្ធយោធាដោយគូប្រជែងរបស់ខ្លួន និងប៉ុន្មានម៉ោងមុនការបោះឆ្នោតរបស់សហរដ្ឋអាម៉េរិកចាប់ផ្តើម។
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានថ្កោលទោសសមយុទ្ធដែលមានការចូលរូមដោយសហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង នៅក្នុងរបាយការណ៍មួយចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ជែន ណាកាតានី បានឱ្យដឹងថា យ៉ាងហោចណាស់មីស៊ីលចំនួន៧គ្រាប់ បានហោះឡើងដល់កម្ពស់១០០គីឡូម៉ែត្រ និងគ្របដណ្ដប់ចម្ងាយ៤០០គីឡូម៉ែត្រ មុនពេលធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ចូលទៅក្នុងមហាសមុទ្ទ។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង រាយការណ៍ថា មីស៊ីលទាំងនោះ ត្រូវបានបាញ់បង្ហោះនៅម៉ោងប្រហែល៧ៈ៣០នាទីព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុក ពីខេត្ត Hwanghae ខាងជើង។ ទន្ទឹមគ្នា យោធាអាម៉េរិកបានឱ្យដឹងថា សហរដ្ឋអាម៉េរិកកំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ជប៉ុន និងសម្ព័ន្ធមិត្តក្នុងតំបន់ផ្សេងទៀត បន្ទាប់ពីការបាញ់បង្ហោះនេះ ហើយបានបន្តតាមដានស្ថានការណ៍។
ការបាញ់បង្ហោះចុងក្រោយ ធ្វើឡើងបន្ទាប់ពីការសាកល្បងរបស់កូរ៉េខាងជើង កាលពីសប្តាហ៍មុន នៃមីស៊ីលផ្លោងអន្តរទ្វីបដើរដោយឥន្ធនៈរឹងថ្មីមួយ មានឈ្មោះថា Hwasong-19 និងប៉ុន្មានម៉ោងមុនពេលបើកការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិក។ អ្នកជំនាញបានលើកឡើងថា ប្រសិនបើមីស៊ីលផ្លោងអន្តរទ្វីបសំដៅគម្រាមសហរដ្ឋអាម៉េរិក នោះមីស៊ីលចុងក្រោយបំផុត គឺសម្រាប់កូរ៉េខាងត្បូង។ មីស៊ីលទាំងនោះ គឺដើម្បីប្រឆាំងនឹងសមយុទ្ធផ្លូវអាកាសរួមគ្នា ដោយកូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងជប៉ុន ហើយវាមានក៏មានចេតនាក្នុងការបង្វែរការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចេញពីការរិះគន់នៃការបញ្ជូនទាហានកូរ៉េខាងជើងទៅកាន់រុស្ស៊ីដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោកស្រី គីម យូជុង ប្អូនស្រីលោក គីម ជុងអ៊ុន បានថ្កោលទោសការធ្វើសមយុទ្ធយោធានាពេលថ្មីៗនេះ ដោយសហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង ថាជាការគំរាមកំហែង ហើយបានអះអាងថា វាបង្ហាញពីភាពត្រឹមត្រូវ នៃការពង្រឹងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការបាញ់បង្ហោះមីស៊ីលចុងក្រោយបង្អស់នេះ ក៏បានកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឈឿ សុនហ៊ុយ ដោយឥតព្រាងទុកកាលពីថ្ងៃចន្ទ។ ដោយឡែក នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាម៉េរិកបានរិះគន់ចិន និងរុស្ស៊ីសម្រាប់ការការពារ និងអនុញ្ញាតឱ្យកូរ៉េខាងជើងបន្តរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ មីស៊ីលផ្លោង និងនិងអាវុធប្រល័យលោករបស់ខ្លួន៕

