តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត ស្ថិតនៅ សង្កាត់ព្រែកប្រា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុជាតិវង្ស តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកជំទាវ រួមជាមួយ ឯកឧត្តម សួន វិនឌី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាលេខាធិការគណៈកម្មការទី១ នៃរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ ពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ បានបូជា ទៀន ធូប ផ្កាភ្ញី គ្រឿងសក្ការៈ និងថ្វាយបង្គំគុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី គឺ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឧទ្ទិសថ្វាយវត្ថុសក្តិសិទ្ធក្នុងលោក ដើម្បីចម្រើននូវសេចក្តីសុខ និងសេចក្តីជ្រះថ្លា ព្រមទាំងសមាទានសីល និងត្រង់ត្រាប់ស្តាប់ព្រះសង្ឃនិមន្តចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល និងសម្តែងព្រះធម៌ទេសនា។
បន្ទាប់ពីបញ្ចប់កិច្ចសូត្រមន្តកាន់បិណ្ឌនាល្ងាចនេះ នៅព្រឹកស្អែក ត្រូវនឹងថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លោកជំទាវ នឹងអញ្ជើញនាំយកនូវបច្ច័យ ចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ រាប់បាត្រ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជនជាតិ ដែលបានពលីទៅកាន់លោកខាងមុខ៕

