អាយស៊ីស៊ី ព្រះវិហារ បើកកិច្ចប្រជុំបច្ចេកទេសលើកទី៩ ដើម្បីពិភាក្សាការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ហៅកាត់ថា (ICC Peah Vihear) កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៩ របស់ខ្លួន ដើម្បីពិភាក្សា ការងារពីការអភិរក្ស និងអភិវឌ្ឍន៍នៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌។
កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានប្រទេសឥណ្ឌា និងប្រទេសចិន ដោយមានចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៤ប្រទេស រួមមាន បែលហ្សិក បារាំង ជប៉ុន និងសហរដ្ឋអាមេរិក និងស្ថាប័នជាតិនិងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិប្រមាណ ១០០រូប។
អង្គប្រជុំបានលើកឡើងនូវការងារសំខាន់ៗមួយចំនួនដូចជា ការរៀបចំផែនការអភិរក្សគោបុរៈទី៥ ការបន្តជួយរបស់សហរដ្ឋអាមេរិក ក្នុងការជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ក្នុងដំណាក់កាលទី៤ ដែលកំពុងអនុវត្តដោយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ។ ក្រៅពីនេះ ដៃគូសហប្រតិបត្តិការអន្តរជាតិរបស់អាជ្ញាធរជាតិព្រះវិហារ គឺសាលាបារាំងចុងបូព៌ា បានបង្ហាញពីវឌ្ឍនភាពនៃការងារជួសជុលរូបបដិមាព្រះសិវៈរាំ និងវិទ្យាស្ថាន MPI របស់អាល្លឺម៉ង់ បាន បង្ហាញពីការរុករកប្រវត្តិនៃការតាំងទីលំនៅបុរាណនៅប្រាសាទកោះកេរ ផងដែរ។
ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍនូវចំណេះដឹង និងជំនាញអភិរក្សរបស់មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ចំពោះការអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្គត្បូង និងប្រាសាទក្រចាប់ នៅរមណីយដ្ឋានកោះកេរ ស្របតាមគោលការណ៍អភិរក្សបេតិកភណ្ឌពិភពលោក ហើយបានស្នើឱ្យអាជ្ញាធរជាតិព្រះវិហារ បន្តពង្រីកក្រុមការងារអភិរក្សបន្ថែមទៀត ដើម្បីអន្តរាគមន៍ទាន់ពេលវេលាចំពោះប្រាសាទផ្សេងៗទៀត នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ ដែលមានចំនួនប្រាសាទច្រើនទៀតត្រូវការយកចិត្តទុកដាក់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណចំពោះប្រទេសដៃគូ ដែលបានចូលរួមផ្តល់ជំនួយជាហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងការជួសជុល និងការងារអភិរក្សប្រាសាទព្រះវិហារ នាពេលកន្លងមក។ជាពិសេសពេលនេះ ប្រទេសចិនបានបញ្ចប់ការសិក្សាបឋមលើហានិភ័យរចនាសម្ព័ន្ធគោបុរៈទី១ ទី២ និងទី៣ ហើយកំពុងរៀបចំផែនការដើម្បីធ្វើអន្តរាគមន៍។ ប្រទេសឥណ្ឌាបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សិក្សាស៊ីជម្រៅលើការរៀបចំផែនការ គ្រប់គ្រងទឹក ការសិក្សាភូគព្ភសាស្ត្រ ការសិក្សាអំពីថ្មភ្នំ និងជម្រាលភ្នំធម្មជាតិ ដែលជាមូលដ្ឋានគ្រឹះសំខាន់៕

