អគ្គលេខាធិការដ្ឋានរដ្ឋសភា ពង្រឹងសមត្ថភាពមន្រ្តីក្នុងការព្រាងចំណុចពិភាក្សា និងសុន្ទរកថាជូនថ្នាក់ដឹកនាំរដ្ឋសភា

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីបង្គោលនៃអគ្គនាយកដ្ឋានចំនួន២គឺ អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ និងអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ស្តីពីការព្រាងចំណុចពិភាក្សា និងសុន្ទរកថាជូនថ្នាក់ដឹកនាំរដ្ឋសភា ដែលប្រារព្ធធ្វើឡើងនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជំរុញបន្ថែមទៀតនូវការកសាងសមត្ថភាពរបស់មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានទាំងពីរក្នុងការផលិតឯកសារគន្លឹះចំណុចពិភាក្សា និងសុន្ទរកថាឱ្យកាន់តែល្អប្រសើរ ជាពិសេសសិល្បៈនៃការតាក់តែងឯកសារឱ្យមានទំងន់ និងអាចអនុវត្តបាន តាមរយៈការស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងផ្តល់ការវិភាគគ្រប់គ្រាន់ ដែលអាចស្តែងចេញជាអនុសាសន៍ ឬគំនិតផ្តួចផ្តើមអ្វីមួយជូនថ្នាក់ដឹកនាំសម្រាប់ជាជំនួយស្មារតីនៅក្នុងជំនួបសវនាការ ឬកិច្ចប្រជុំអន្តរជាតិនានា។
ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង ទទួលបន្ទុកអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ជាវាគ្មិននៅក្នុងវគ្គបណ្តុះបណ្តាលនេះ រួមជាមួយនឹង ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃរដ្ឋសភា និងឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ និងមានសិក្ខាកាមចូលរួមចំនួន៧០នាក់៕

