ឯកឧត្តម ព្រហ្ម វិរៈ អញ្ជើញជាអធិបតីក្នុងពិធិបើកវគ្គបណ្តុះបណ្តាលស្តីពី គន្លឹះសរសេរព័ត៌មាន សេចក្តីប្រកាសព័ត៌មាន សេចក្តីជូនដំណឹង និងការបង្កើតមាតិកា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធិបើកវគ្គបណ្តុះបណ្តាលស្តីពី គន្លឹះសរសេរព័ត៌មាន សេចក្តីប្រកាសព័ត៌មាន សេចក្តីជូនដំណឹង និងការបង្កើតមាតិកាដោយមានការចូលរួមពីអ្នកស្រី មិត្ត ចាន់លីនដា ប្រធាននាយកដ្ឋានព័ត៌មាន ដើម្បីឱ្យសិក្ខាកាមយល់ដឹងពីរបៀបសរសេរ និងចាប់មុមក្នុងការសរសេរព័ត៌មាន សេចក្តីប្រកាសព័ត៌មាន សេចក្តីជូនដំណឹង សេចក្តីថ្លែងការណ៍ និងការអនុវត្តក្នុងការធ្វើព័ត៌មាន។
ឯកឧត្តម ព្រហ្ម វិរៈ បានលើកឡើងថា វគ្គសិក្សានេះពិតជាមានសារៈសំខាន់ក្នុងការផលិតព័ត៌មានជូនថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាពិសេសមន្ត្រីជំនាញដែលមកពីការិយាល័យសារព័ត៌មាន និងមន្ត្រីជំនួយការតាមគណៈកម្មការនានា នៃរដ្ឋសភា ដែលជាកម្លាំងស្នូលក្នុងការធ្វើការងារផ្ទាល់ និងបានចុះទៅមូលដ្ឋានជាមួយតំណាងរាស្ត្រ និងថ្នាក់ដឹកនាំរបស់រដ្ឋសភា។
ឯកឧត្តមអគ្គនាយក សង្ឃឹមយ៉ាងមុតមាំផងដែរថា បន្ទាប់ពីសិក្ខាកាមបានចូលរួមក្នុងវគ្គសិក្សានេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងក្នុងការផលិតព័ត៌មាន ចាប់មុមព័ត៌មាន ខ្លឹមសារព័ត៌មានសំខាន់ៗ ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពព័ត៌មានជូនថ្នាក់ដឹកនាំរបស់រដ្ឋសភា។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និងមានវាគ្មិន លោក គី សុខលីម លោក ពុយ គា លោក ទាវ សារៈមុនី និងមានសិក្ខាកាមចូលរួមប្រមាណ៦០នាក់ និងចូលរួមសហការ រៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្លឹបអ្នកកាសែតកម្ពុជា៕

