សហភាពសហជីពសុភមង្គលកម្មករកម្ពុជាចាត់ទុករបាយការណ៍របស់«សង់ត្រាល់»ចេញផ្សាយថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងពីការពិតធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពការងារនៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤នេះ សហភាពសហជីពសុភមង្គលកម្មករកម្ពុជាបាននាំយកលិខិតមួយទៅដាក់នៅទីស្នាក់ការ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»ដើម្បីស្នើសុំឱ្យអង្គការនេះ កែតម្រូវខ្លឹមសារ នៃរបាយការណ៍របស់ខ្លួនឡើងវិញ ព្រោះថាខ្លឹមសារនៃរបាយការណ៍នេះ ធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ ។
លោក អ៊ុន ដារ៉ាអ្នកនាំពាក្យសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាអនុប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាហៅកាត់ថាNACCបានប្រាប់អ្នកសារព័ត៌មាននៅមុខទីស្នាក់ការអង្គការសង់ត្រាល់ថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជា នៅតែប្រឈមឧបសគ្គរារាំងហើយថា សង់ ត្រាល់ បានធ្វើការសម្ភាសដោយវាយតម្លៃពីស្ថានភាពកម្មករ និង សហជីពក្នុងរោងចក្រចំនួន១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន ១៤នេះ មានសហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ ហើយក៏បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករ-និយោជិត និងសហជីព។
លោកអ៊ុន ដារ៉ាបញ្ជាក់ថារបាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងាររបស់កម្មករនិយោជិត និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល ដែលផ្ទុយទាំងស្រុងទៅនិងសភាពការណ៍ជាក់ស្តែង និងមិនរំលេចទាល់តែសោះ នូវសមិទ្ធផលវិជ្ជមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា ។
សម្ភាសន៍៖« យើងមើលឃើញថា របាយការណ៍សង់ត្រាល់បាននឹងកំពុងបន្លំបរិយាកាស ធ្វើឱ្យអ្នកវិនិយោគមានការភ័យខ្លាច ធ្វើឱ្យច្រឡំថាសេរីភាពរបស់សហជីពមានការរើសអើង ហើយធ្វើឱ្យអ្នកបញ្ជាទិញគេផ្តូចេញពីកម្ពុជា។ ដូច្នេះសង់ត្រាល់គួរសិក្សាពីវឌ្ឍនភាពវិស័យការងារកម្ពុជាឡើងវិញ»
តាមរយៈលិខិតដាក់ជូនសង់ត្រាល់នោះបានបញ្ជាក់ថា៖ « តាមរយៈយើងខ្ញុំទាំងអស់គ្នាជាតំណាងកម្មករ-និយោជិត មានការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍របស់កម្មករ ទើបយើងខ្ញុំស្នើសុំដោយទទូចដល់ លោកនាយក សង់ត្រាល់ ដើម្បីធ្វើការកែសម្រួលរបាយការណ៍របស់ខ្លួនឡើងវិញ ដោយបង្ហាញនូវសមិទ្ឋិផលវិជ្ជាមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា។»
ក្នុងលិខិតនោះ ក៏បានព្រមានដែរថា ក្នុងករណីដែល លោកនាយកអង្គការសង់ត្រាល់មិនមានកែសម្រួលរបាយការណ៍តាមការស្នើសុំរបស់យើងខ្ញុំទេ យើងខ្ញុំនិងសរសេរលិខិតទៅម្ចាស់ជំនួយ និង ក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យពីការអនុលោមភាពនៃលក្ខន្តិកៈរបស់សង់ត្រាល់ និងការអនុលោមភាពច្បាប់នានានៅកម្ពុជា ហើយចុងក្រោយយើងខ្ញុំនិងប្រមូលផ្តុំកម្មករ និយោជិត ដើម្បីធ្វើការតវ៉ាទ្រង់ទ្រាយធំនៅមុខ ការិយាល័យ សង់ត្រាល់ និងក្រសួងមហាផ្ទៃដើម្បីស្នើសុំឱ្យបិទការិយាល័យរបស់សង់ត្រាល់តែម្ដង៕
