កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥២ ចេញប្រតិបត្តិការបង្ក្រាបការកាប់ទន្ទ្រានយកដី ក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកឫស្សី ខេត្តបាត់ដំបង

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ លោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរង នាយសេនាធិការកងពល ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយ កម្លាំងផ្នែកសឹករងស្រុកសង្កែ និងកម្លាំងវរសេនាតូចលេខ១ ចុះប្រតិបត្តិការល្បាតរុករកបង្ក្រាបការកាប់ទន្ទ្រានយកដី នៅតំបន់៣ ក្នុងភូមិសាស្ត្រ ស្រុកសង្កែ ខេត្តបាត់ដំបង។
មេបញ្ជាការរង នាយសេនាធិការ បានផ្សព្វផ្សាយ និងប្រគល់ភារកិច្ចជូនដល់កងកម្លាំងដែលចេញប្រតិបត្តិការល្បាតរុករកការកាប់ទន្ទ្រានយកដី នៅតំបន់៣ ក្នុងភូមិសាស្ត្រ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយលោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះគឺនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយនឹងបញ្ជូនជនល្មើសទៅកាន់តុលាការ ក្នុងករណីល្មើសច្បាប់ ព្រមជាមួយការអប់រំណែនាំដល់ពលរដ្ឋណាដែលមិនទាន់យល់ដឹងពីបញ្ហាការកាប់ទន្ទ្រានយកដីរដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។
សូមបញ្ជាក់ថា៖ ប្រតិបត្តិការល្បាតរុករក បង្ក្រាប ការកាប់ទន្ទ្រានយកដី នៅតំបន់៣ ក្នុងភូមិសាស្ត្រ ស្រុកសង្កែ ខេត្តបាត់ដំបង រយៈពេល ៣យប់ ៤ថ្ងៃ ដោយពុំមានរកឃើញការកាប់ទន្ទ្រានយកដីថ្មី នៅក្នុងតំបន់ ៣ឡើយ។ ហើយកម្លាំងអន្តរាគមន៍បានបន្ត គោលដៅថ្មីក្នុងភូមិសាស្រ្ត ស្រុកមោងឫស្សី ខេត្តបាត់ដំបង៕

