ក្រសួងសង្គមកិច្ច ចុះកិច្ចព្រមព្រៀងជាមួយអង្គការ១២ លើគម្រោងអភិវឌ្ឍក្នុងទំហំថវិកាជាង ២៤លានដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ ដែលអនុវត្តផ្តោតលើក្រុមគោលដៅជាកុមារ គ្រួសារ មនុស្សចាស់ ជនមានពិការភាព និងជនរងគ្រោះ ដែលរៀបចំឡើងនៅទីស្ដីការក្រសួង។
ក្នុងចំណោមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែលបានចុះហត្ថលេខានាពេលនេះ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន៦, អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៦ ដោយភាគច្រើនអនុវត្តគម្រោងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀតនៅប្រទេសកម្ពុជា ក្នុងទំហំគម្រោងថវិកាសរុបប្រមាណជាង ២៤លានដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ (២០២៤-២០២៧)។
ក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស មានទំហំទឹកប្រាក់សរុបចំនួន ១៩,១៣៦,០៦៩ ដុល្លារអាមេរិក សមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក មានចំនួន ៥,០៧៩,៥៤៩ដុល្លារអាមេរិក។ កិច្ចព្រមព្រៀងនេះនឹងផ្ដោតលើវិស័យ៣ធំៗរួមមាន៖១. សុខុមាលភាពកុមារ ៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៧ អនុវត្តលើថវិកា ចំណាយសរុបចំនួន ៨,៧៨៤,៤៣២ ដុល្លារអាមេរិក។ ២. គាំពារជនរងគ្រោះ ៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៤ អនុវត្តលើថវិកាចំណាយសរុប ១៥,១៩៩,៦៦៦ ដុល្លារអាមេរិក។
៣. ពិការភាព ៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១ អនុវត្តលើថវិកា ចំណាយសរុប ២៣១,៥២០ ដុល្លារអាមេរិក។
កន្លងមក ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងលើកឡើងជារឿយៗថា សមាគម អង្គការមិនមែនរដ្ឋាភិបាលបរទេស និងក្នុងស្រុក គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាពិសេស រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ បានប្រកាសពង្រឹង និងពង្រីកភាពជាដៃគូជាមួយនឹងអង្គការសង្គមស៊ីវិលនិងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងក្របខ័ណ្ឌច្បាប់ស្ដីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល ដើម្បីលើកកម្ពស់នីតិរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការចូលរួមចំណែកអភិវឌ្ឍសង្គមកិច្ចរបស់កម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ បានថ្លែងអំណរគុណចំពោះបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកន្លងមក និងពេលនេះ នៅតែបន្តកិច្ចព្រមព្រៀងគម្រោងជាថ្មីទៀត និងសូមស្វាគមន៍ចំពោះសមាគម អង្គការថ្មី ដែលបានស្នើសុំចុះកិច្ចព្រមព្រៀងគម្រោង ក្នុងការបង្កើតភាពជាដៃគូជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់រយៈពេល៣ឆ្នាំខាងមុខនេះ។
សូមបញ្ជាក់ថា ភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគម អង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបន្តបង្កើតឡើង តាមរយៈការចុះកិច្ចព្រមព្រៀងគម្រោងជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ មានសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស បានចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងស.អ.យ. ដែលនៅមានសុពលភាពចំនួន ១៥៨ ដោយក្នុងនោះកំពុងអនុវត្តគម្រោងកិច្ចការពារកុមារចំនួន ១០២ កិច្ចការគ្រួសារចំនួន ២០ គាំពារជនរងគ្រោះចំនួន ២០ ជនមានពិការភាពចំនួន ១៥ និងមនុស្សចាស់ចំនួន១៕

