ក្រសួងកិច្ចការនារី និងធនាគារជាតិកម្ពុជា ទទួលបានពានរង្វាន់សកលលើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្ត្រី និងក្មេងស្រី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង

ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់សកលថ្នាក់ក្រសួងលើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្ត្រី និងក្មេងស្រី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់បាគងពីកិច្ចប្រជុំកំពូលស្ត្រីពិភពលោក ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
ពានរង្វាន់នេះ ទទួលបានក្រោយ លោកជំទាវ អ៊ុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនាំយកគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង អភិវឌ្ឍដោយធនាគារជាតិនៃកម្ពុជា បង្ហាញជូនដល់អង្គប្រជុំនៅក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រីនៃកិច្ចប្រជុំកំពូលស្ត្រីពិភពលោក ឆ្នាំ២០២៤។ គណៈកម្មការនៃកិច្ចប្រជុំកំពូលស្ត្រីពិភពលោកបានវាយតម្លៃ និងពិនិត្យយ៉ាងល្អិតល្អន់លើគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីតាមរយៈប្រព័ន្ធទូទាត់បាគង។ គណៈកម្មការបានចាត់ទុកថា ជាគម្រោងដែលបានផ្តល់អត្ថប្រយោជន៍ និងរួមចំណែកដ៏សំខាន់ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្ត្រី និងសហគ្រិនស្ត្រី ជាពិសេសស្ត្រីដែលរស់នៅតាមតំបន់ជនបទ ហើយត្រូវបានគណៈកម្មការបាន សម្រេចផ្តល់ពានរង្វាន់សកលថ្នាក់ក្រសួង លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្ត្រី និងក្មេងស្រី» ដល់ស្ថាប័នទាំងពីរតែម្ដង។
គូសបញ្ជាក់ផងដែរថា គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល សំដៅឆ្ពោះទៅសម្រេចឱ្យបានសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាពលរដ្ឋឌីជីថល តាមរយៈការអភិវឌ្ឍមូលធនមនុស្សផ្នែកឌីជីថល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបង្កើនភាព អង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី លើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុឌីជីថល និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ស្ត្រី ព្រមទាំងក្រុមគ្រួសារ តាមរយៈ ទី១.ការផ្ដល់ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងជួយពួកគេឱ្យកាន់តែមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ទី២.ការជួយសហគ្រិនស្ត្រីឱ្យទទួលបានសេវាទូទាត់តាមប្រព័ន្ធឌីជីថល ដែលមានភាពងាយស្រួលរហ័ស និងមានសុវត្ថិភាពខ្ពស់។ និងទី៣. ការគាំទ្រស្ត្រីឱ្យទទួលបានសេវាហិរញ្ញវត្ថុផ្លូវការផ្សេងៗដូចជាសេវាឥណទាន និងសេវាប្រាក់បញ្ញើដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មក៏ដូចជាវិនិយោគក្នុងការអប់រំ ឬត្រៀមទុកសម្រាប់គ្រាអាសន្ន៕

