ប៉ូលិសតួកគីឃាត់ខ្លួនសមាជិក IS ចំនួន ១១នាក់ដែលសង្ស័យថាជាក្រុមរដ្ឋឥស្លាម

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសានេះថា ប៉ូលិសទួរគីបានឃុំខ្លួនយ៉ាងហោចណាស់សមាជិកចំនួន១១នាក់ ដែលសង្ស័យថាជាក្រុមរដ្ឋឥស្លាម (IS) នៅក្នុងខេត្ត Izmir ភាគខាងលិចនៃប្រទេស Türkiye កាលពីថ្ងៃពុធ។
ទូរទស្សន៍ TRT ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា ក្រុមប្រឆាំងភេរវកម្មបានចាប់ផ្តើមប្រតិបត្តិការដំណាលគ្នាប្រឆាំងនឹងទីតាំងចំនួន ១៣ទីតាំង នៅទូទាំងខេត្ត ដើម្បីចាប់ខ្លួនជនសង្ស័យចំនួន ១៣នាក់។
ក្នុងការចុះឆែកឆេរនេះ ជនសង្ស័យចំនួន ១១នាក់ត្រូវបានចាប់ខ្លួន ខណៈប្រតិបត្តិការចាប់ខ្លួនកំពុងបន្តប្រឆាំងនឹងបុគ្គល ០២នាក់ដែលនៅសេសសល់។
យោងតាម TRT បានឱ្យដឹងថា សម្ភារៈឌីជីថលជាច្រើនត្រូវបានរកឃើញ និងរឹបអូសនៅកន្លែងរបស់ជនសង្ស័យ។
រដ្ឋាភិបាលទួរគីបានចាត់តាំងក្រុម IS ជាអង្គការភេរវករនៅក្នុងឆ្នាំ២០១៣ ដោយបានស្តីបន្ទោសវាចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៥។
ប៉ូលិសទួរគីបាននិងកំពុងធ្វើប្រតិបត្តិការប្រឆាំងអំពើភេរវកម្មជាទៀងទាត់ប្រឆាំងនឹងសមាជិករបស់ខ្លួននៅទូទាំងប្រទេស។
