សំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្ដឹងលោក ស៊ឹង សែនករុណា ត្រូវបានតុលាការចាប់ផ្ដើមស៊ើបអង្កេត និងកោះហៅភាគីទាំងសងខាងចូលបំភ្លឺហើយ

ភ្នំពេញ៖ ឯកឧត្ដម ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្ដឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្ដើមស៊ើបអង្កេត និងកោះហៅភាគីទាំងសងខាងចូលបំភ្លឺហើយ។ នីតិវិធីស៊ើបអង្កេតនេះ ចាប់ផ្ដើមក្រោយពីមេធាវីតំណាងឲ្យគណបក្សប្រជាជនកម្ពុជា បានប្ដឹងលោក ស៊ឹង សែនករុណា កាលពីខែកុម្ភៈឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។
ឯកឧត្ដម ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ថា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្ដើមដំណើរការនីតិវិធីនៃការស៊ើបអង្កេត និងបានកោះហៅភាគីទាំងអស់ដើម្បីស្តាប់ចម្លើយ និងប្រមូលភ័ស្តុតាងក្នុងសំណុំរឿងគណបក្សប្រជាជនកម្ពុជាប្ដឹងលោក ស៊ឹង សែនករុណា។
សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ មេធាវីតំណាងឲ្យគណបក្សប្រជាជនចំនួន៣រូប គឺលោក សាំង វណ្ណៈ លោក ផូ សុធាផល និងលោក ម៉ម ចាន់ណែត បានដាក់ពាក្យបណ្ដឹងប្ដឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បន្ទាប់ពីបានបរិហារគណបក្សប្រជាជន តាមរយៈការផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មាន The Cambodia Daily។ ក្រោយពីគណបក្សប្រជាជនប្ដឹង លោក ស៊ឹង សែនករុណា បានចេញមកបញ្ជាក់ថា រូបលោកធ្វើកិច្ចការងារសព្វថ្ងៃ គឺដើម្បីការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ។ សម្រាប់រូបលោកផ្ទាល់ មិនគាំទ្រ ឬលម្អៀងទៅគណបក្សណា ឬអ្នកនយោបាយណាមួយឡើយ។
សូមរំលឹកដែរថា ក្រោយពីគណបក្សប្រជាជនប្ដឹងលោក ស៊ឹង សែនករុណានេះ មានក្រុមអង្គការសង្គមស៊ីវិលជាច្រើន បានស្នើឲ្យគណបក្សជាជនដកពាក្យបណ្ដឹងវិញ។ ទន្ទឹមគ្នានេះ ក៏មានអង្គការសង្គមផ្សេងទៀត បានប្រកាសគាំទ្រនូវពាក្យបណ្ដឹងរបស់គណបក្សប្រជាជនដែលប្ដឹង លោក ស៊ឹង សែនករុណាដែរ៕
