ថ្នាក់ដឹកនាំគម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដឹកនាំពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់គោលដៅគម្រោងនៃខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពអនុវត្តន៍គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ(CSLEP) បានដឹកនាំក្រុមការងារគម្រោង និងមន្ទីរបរិស្ថានខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនម៉ៅការ មន្ត្រីសហការ ឧទ្យានុរក្ស និងសហគមន៍ បានចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ នៅខេត្តសៀមរាប។
នៅក្នុងដំណើរចុះត្រួតពិនិត្យ និងវាយតម្លៃនេះ ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី បានដឹកនាំប្រជុំជាមួយលោកប្រធាន អនុប្រធានមន្ទីរបរិស្ថាន និងក្រុមការងារគម្រោង ដើម្បីស្វែងយល់ពីបញ្ហាការរំលោភ កាន់កាប់ដីធ្លី និងរកដំណោះស្រាយសមស្របលើបញ្ហាដីធ្លីដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ដើម្បីរៀបចំផែនការគ្រប់គ្រង អភិរក្ស និងដាំស្តារព្រៃឈើឡើងវិញ រួមទាំងការងារអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ។
បន្ទាប់មកឯកឧត្តមប្រធានបានដឹកនាំក្រុមការងារបានបន្តចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការសាងសង់ស្នាក់ការឧទ្យានុរក្ស ព្រះជ័យវរ្ម័ន-នរោត្តម (ទីតាំងទី១) ដែលបានសាងសង់សម្រេចបាន ១០០% និងការសាងសង់ស្នាក់ការឧទ្យានុរក្ស ខ្នងភ្នំគូលេន (ទីតាំងទី២) ដែលកំពុងសាងសង់សម្រេចបាន ៧០%។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បាននាំនូវកាផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងបាននាំយកថវិកាចំនួន ២លានរៀល ឧបត្ថម្ដដល់បងប្អូនឧទ្យានុរក្សទាំងបួនទីតាំង ដែល១ទីតាំងទទួលបានថវិកា ៥០ម៉ឺនរៀល។
ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមការងារគម្រោង និងមន្ទីរបរិស្ថាន បង្កើនការយកចិត្តទុកដាក់លើការងារតាមដានការអនុវត្តគម្រោង ពិសេសហេដ្ឋារចនាសម្ព័ន្ធដែលគម្រោងផ្តល់ឱ្យ។ ឯកឧត្តមប្រធានក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់តំណាងក្រុមហ៊ុនម៉ៅការឱ្យពន្លឿនការសាងសង់ឱ្យបានចប់នៅត្រីមាសទី១ ឆ្នាំ២០២៤ ដោយយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ កែសម្រួលចំណុចខ្វះខាតមួយចំនួន និងគោរពតាមគំរូប្លង់ស្ថាបត្យកម្មដែលបានឯកភាពក្នុងកិច្ចព្រមព្រៀង៕
