ប្រតិភូទ័ពជើងគោកសិង្ហបុរី ចែករំលែកបទពិសោធន៍ ការអនុវត្តកាតព្វកិច្ចយោធា និងការជ្រើសរើសកងទ័ពពិសេស ដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ក្នុងអំឡុងពេលទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី បានធ្វើបទបង្ហាញខ្លីអំពី ការអនុវត្តកាតព្វកិច្ចយោធា និង ការជ្រើសរើសកងទ័ពពិសេស ដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ពិធីនេះក៏មានការចូលរួមពីពីតំណាងនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស និងបណ្តាអង្គភាពចំណុះកងទ័ពជើងគោកផងដែរ។
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានធ្វើជាម្ចាស់ផ្ទះកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សានាយទាហានវ័យក្មេង រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក សិង្ហបុរី (RAC – SAF Junior Offiers Exchange Program) ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន និយាយជារួម និងកងទ័ពជើងគោក កម្ពុជា-សិង្ហបុរី និយាយដោយឡែក ៕
