សម្ដេចធិបតី៖ អត្រាភាពក្រីក្រនៅកម្ពុជាបានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១៥ ឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ សម្ដេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អត្រាភាពក្រីក្រនៅកម្ពុជាបានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១៥ ឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីឆ្នាំ២០០៧ ដែលអត្រាភាពក្រីក្រមាន ជាង ១៧ ភាគរយ ធ្លាក់មកក្រោម ១០ ភាគរយនៅឆ្នាំ២០១៧ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យអត្រាភាព ក្រីក្រនៅកម្ពុជាកើនដល់ជាង ១៧ ភាគរយឡើងវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្ដេជ្ញាចិត្តថា នឹងបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម ខណៈនៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៥រួចហើយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងមិនអាចធានាបានថា ពិភពលោកនឹងមានអ្វីកើត ឡើងដែលអាចប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងវិបត្តិសង្គមនានានោះទេ។ យើងសង្ឃឹមនូវអ្វីដែល ល្អនឹងកើតឡើង ប៉ុន្តែត្រូវត្រៀមលក្ខណៈចំពោះអ្វីដែលអាក្រក់ ដែលនឹងអាចកើតមានឡើងផងដែរ ៕

