សម្តេចធិបតី ប្រកាសប្រែក្លាយខេត្តកំពង់ឆ្នាំងទៅជាទីតាំងសកម្មភាពសេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រែក្លាយខេត្តកំពង់ឆ្នាំងទៅជាទីតាំងសកម្មភាពសេដ្ឋកិច្ច តាមរយៈការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបែបនេះនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ» និងបើកការដ្ឋានសាងសង់ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ» ក្រោមជំនួយឥណទានពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ផ្លូវជាតិលេខ៥ នេះគឺសំខាន់ ផ្លូវនេះគឺជួយចិញ្ចឹមសរសៃឈាមមួយ វាមិនមែនចិញ្ចឹមពីតែបាតដៃមកបេះដូង គឺនៅតាមផ្លូវនោះគឺអវៈយវៈយើងគឺរស់ទាំងអស់ គឺតាមនៅខេត្តនេះគឺរីកចម្រើន»។
បើតាមសម្តេចធិបតី រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជាផ្លូវទឹក ផ្លូវគោក និងផ្លូវដែក។ ជាមួយនឹងបន្តពង្រីកផ្លូវជាតិពីស្គន់ទៅកំពង់ចាមបន្ថែមទៀត និងផ្លូវពីខេត្តកំពត ទៅខេត្តព្រះសីហនុក៏កំពុងតែពង្រីកបន្ថែមផងដែរ ៕
