សម្ដេចធិបតី៖ ៣ខែដំបូង រាជរដ្ឋាភិបាលអាណត្តិទី៧ មិនបានសម្រាកទេ គឺខិតខំយ៉ាងខ្លាំងក្នុងការថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ និងទាក់ទាញវិនិយោគិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រយៈពេល ៣ខែដំបូង នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាល មិនបានសម្រាកនោះទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្នុងឱកាសអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅ អាណត្តិទី៧នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ពលរដ្ឋ ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ បន្តនិរន្តរភាព និងចីរភាព ជាដើម។
សម្តេចធិបតី បន្ថែមថា ការកសាងផ្លូវនៅពេលនេះ ក៏ជាយុទ្ធសាស្រ្តមួយអភិវឌ្ឍជាតិប្រកបដោយសមធម៌ ដែលការរីកចម្រើនមិនមែនផ្តោតទៅលើតែនៅទីក្រុងនោះទេ ពោលគឺត្រូវបានទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង៕

