សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា បានលើកឡើងថា កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន ។
ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំអាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី៦ កញ្ញា សម្តេចមហាបវរធិបតី មានប្រសាសន៍បន្តថា ចំពោះប្រទេសកម្ពុជា, គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។
ក្នុងកិច្ចប្រជុំនោះដែរ ជាកិច្ចចាប់ផ្តើម, ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធាននៃកិច្ចប្រជុំ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ និងបានអញ្ជើញ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្លែងនូវថ្លែងសុន្ទរកថា និងចំណាប់អារម្មណ៍។
មុននឹងចាប់ផ្តើមកិច្ចពិភាក្សាចង្អៀត, ឯកឧត្តម ចូកូ វីដូដូ បានស្នើឱ្យបណ្តាញសារព័ត៌មានចាកចេញពីបន្ទប់ប្រជុំ ។ ជាកិច្ចបន្ទាប់, ឯកឧត្ដម ចូកូ វីដូដូ បានអញ្ជើញតាមលំដាប់អក្សរថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមកិច្ចប្រជុំថ្លែងសុន្ទរកថា និងបានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ មានចំណាប់អារម្មណ៍ ៕
