ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ចុះពិនិត្យមើលទីតាំងប្រកួតរ៉ូបូត ថ្នាក់អន្តរជាតិ

ភ្នំពេញ៖ ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានចុះពិនិត្យមើលទីតាំងប្រកួតរ៉ូបូត ថ្នាក់អន្តរជាតិ ( ABU ROBOCON 2023 ) នៅសាលដំរី ក្នុងបរិវេនស្តាតមរតកតេជោ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានជួបពិភាក្សាជាមួយ លោក YAMANA, Hiroo នាយកជាន់ខ្ពស់ផ្នែកផ្សព្វផ្សាយ នៃទូរទស្សន៍ NHK ជប៉ុន ដើម្បីពិនិត្យទីតាំងជាក់ស្ដែង ដើម្បីឲកម្មវិធីប្រព្រឹត្តទៅបានរលូន។
សូមជម្រាបជូនថា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីប្រកួតប្រជែង រ៉ូបូតថ្នាក់អន្តរជាតិ ( ABU ROBOCON 2023 ) ដើម្បីស្វែងរកជើងឯក ប្រចាំឆ្នាំ និងផ្តល់ឱកាសដល់និស្សិតមក ពីបណ្តាប្រទេសផ្សេងៗ បង្ហាញសមត្ថភាពបច្ចេកវិទ្យាដោយផ្ទាល់ និងការចែករំលែកបទពិសោធន៍រវាងយុវជន។ ក្រុមជើងឯក នៃប្រទេសនិងដែនដីទាំង១៣ ស្មើនឹង១៤ក្រុម នឹងចូលរួមប្រកួតនៅកម្ពុជា រួមមាន ៖
កម្ពុជា (២ក្រុម) ចិន អេហ្ស៊ីប ដែនដីហុងកុងនៃប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី , នេប៉ាល់ ស្រីលង្កា ថៃ និងប្រទេស វៀតណាម ។ ក្រុមទាំងអស់ នឹងប្រកួតប្រជែងនៅលើទីលានតទល់គ្នាដោយផ្ទាល់ ក្រោមវិញ្ញាសារបស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺ “រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត ឬ រ៉ូបូតបោះកងចូលក្នុង បង្គោល” ។
ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទី១ ដែលមានការប្រកួតរ៉ូបូតធំជាងគេនៅអាស៊ីប៉ាស៊ីភិក រៀបចំនៅកម្ពុជា ព្រមទាំងអាចបង្ហាញពីភាពរីកចំរើន ផ្នែកបច្ចេកវិទ្យារ៉ូបូតរបស់កម្ពុជា ទៅកាន់ពិភពលោក ៕
