សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង៦ពាន់ នៅខេត្តពោធិ៍សាត់ នាព្រឹកស្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់។
ជំនួបថ្ងៃស្អែកនេះ គឺជាជំនួបលើកទី១៩ រាប់ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣មក ហើយក៏ជាជំនួបចុងក្រោយមុននឹងសម្តេចតេជោសម្រាកក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សម្តេចតេជោ បានប្រកាសថា នឹងបន្តការចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្រោយការបោះឆ្នោតរួចរាល់។
ក្នុងបេសកកម្មចុះជួបកម្មករនិយោជិតកាលពីជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងខេត្តពោធិ៍សាត់ រួចម្តងមកហើយកាលពីឆ្នាំ២០១៩។
បើតាមឯកឧត្ដមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១០ ដែលអនុញ្ញាតឱ្យកម្មករ និយោជិត ចូលរួមសំណេះសំណាលជាមួយសម្តេចតេជោនេះ មានទីតាំងនៅក្រុងពោធិ៍សាត់ចំនួន១, ស្រុកក្រគរចំនួន៨ និងស្រុកបាកានចំនួន១។
រោងចក្រទាំង១០នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣, ផលិតគ្រឿងអេឡិចត្រូនិចចំនួន៥, ដំឡើងរថយន្តចំនួន១ និងផលិតផលកសិកម្មចំនួន១។
ការប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋ ជាគោលនយោបាយដ៏ចាំបាច់ មួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅតែពីរកការងារជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាល ក៏នៅគិតថែមទៀតថា តើត្រូវធ្វើបែបណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលទៅធ្វើការងារឆ្ងាយផ្ទះ?
ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ការងារនៅជិតផ្ទះរបស់ប្រជាពលរដ្ឋ។
ខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់ មានរោងចក្រ សហគ្រាសចំនួន២០៩ មានកម្មករ និយោជិតប្រមាណ ១ម៉ឺន ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៣១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរចំនួន៣ មានកម្មករនិយោជិតសរុបជាង ៦ពាន់នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ខេត្តពោធិ៍សាត់ ជាខេត្តទី១៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនក្នុងវិស័យកាត់ដេរ រួមទាំងកម្មន្តសាល ស្ថានីយ៍ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី៕
